កំពង់ស្ពឺ៖
ក្មេងទំនើង០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនដើម្បីធ្វើការកោសក់ និងអប់រំ ហើយរក្សាទុកម៉ូតូចំនួន៩០ថ្ងៃទើបប្រគល់ឱ្យយកទៅប្រើប្រាស់វិញ ខណៈដែលជិះម៉ូតូឌុបគ្នាហើយ បង្ហោះនៅតាមផ្លូវសាធារណៈបង្កភាពអានាធិបតេយ្យ។
ការឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូបានធ្វើឡើងកាលពីវេលាម៉ោង០៣និង២៥នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ក្រុមក្មេងទំនើងខាងលើ គឺកម្លាំងនគរបាលបានធ្វើការល្បាតតាមតំបន់ស្មុគស្មាញ ហើយក៏បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងបង្ហោះម៉ូតូ។ ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោះ បង្រ្កាបក្មេងទំនើងដែល(បង្ហោះម៉ូតូ)នៅលើផ្លូវក្រាលកៅស៊ូលេខ១៣០ ស្ថិតនៅក្នុងភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានបន្តថា ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានចំនួន០២នាក់នោះ ទី១/ឈ្មោះ ឈុំ ហុងលី ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅក្នុងភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបង្ហោះ) និងទី
២/ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិត្រពាំងដំរី ឃុំសែនដីស្រុកសំរោងទង (ស្ពឺ) អ្នកអង្គុយពីក្រោយ បានធ្វើសកម្មភាពបង្ហោះម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL.7946។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ កម្លាំងនគរបាលជំនាញបាននាំយកទៅធ្វើការសួរនាំ នៅអធិការដ្ឋាននគបាលស្រុកគងពិសី នៅចំពោះមុខសមត្ថកិច្ចនគរបាល ក្រុមក្មេងទំនើងទាំង០២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន។
នគរបាលជំនាញបានអនុវត្តន៍តាមបញ្ជារបស់ថ្នាក់ដឹកនាំ វិធានការ ៣ រួមមាន÷
ទី១/កោសក់ពុះជើងក្អែក
ទី២/ អប់រំ ធ្វើកិច្ចសន្យា ប្រគល់អោយអាណាព្យាបាលអប់រំបន្ត។
និងទី៣/ចំពោះមធ្យោបាយធ្វើសកម្មភាព(ម៉ូតូ០១គ្រឿង)ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករយ:ពេល៩០ថ្ងៃ ទើបប្រគល់ឱ្យយកទៅប្រើប្រាស់វិញ៕