ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពងារងារ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការ NOCC ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ក្រុមអាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ ថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជាបានគូសបញ្ជាក់ថា ឯកឧត្តម លី កុសល បានផ្តល់អនុសាសន៍ណែនាំឱ្យការងាររៀបចំការប្រកួតគ្រប់ផ្នែកទាំងអស់ ដើម្បីជំរុញឱ្យដំណើរការរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជាប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ តាមការគ្រោងទុក ពីព្រោះថាការរៀបចំការប្រកួតកីឡាវាយសីកម្រិតអាស៊ីអាគ្នេយ៍នៅកម្ពុជា ឆ្នាំ២០២៥នេះ គឺជាលើកទី២ហើយ។ ឯកឧត្តម កែវ រស់ បន្ថែមថា ក្រៅពីការត្រួតពិនិត្យមើលលើវឌ្ឍនភាពការងារនេះ ឯកឧត្តមប្រធាន លី កុសល ក៏បានត្រួតពិនិត្យមើលការរៀបចំក្រុមកីឡាករ កីឡាការិនីទាំង៣កម្រិត U15 U17 និងឈុត U23 របស់កម្ពុជាថាតើពួកគាត់ដែលត្រូវបានជ្រើសរើសចូលរួមក្នុងក្រុមជម្រើសជាតិនេះមានតម្លាភាពដែរឬទេ ដើម្បីឱ្យសមស្របនឹងគោលការណ៍យុត្តិធម៌ និងផ្តល់ឱកាសជូនដល់ពួកគាត់បានបញ្ចេញស្នាដៃ ក្នុងការប្រជែងមេដាយជូនជាតិ។
បន្ថែមពីលើនេះ ឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ឯកឧត្តមប្រធាន លី កុសល ក៏បានណែនាំឱ្យក្រុមគ្រូបង្វឹកនៃកីឡាករ កីឡាការិនីកម្ពុជាទាំង៣ឈុតត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រួចគុណភាពពួកគេឱ្យមានសិទ្ធផលខ្ពស់ ដើម្បីដណ្តើមឱ្យបានមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥នេះ។ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍នេះទទួលបានអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានា ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំមានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់៕
