សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតទូកប្រពៃណីខ្នាតអន្ដរជាតិ (ទូកនាគ), ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តម ស សុខា លើកទី២ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក គង់ សុភាព អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រាប់ថាទីតាំងទន្លេងវៃគោ គឺជាទីតាំងស្ដង់ដាររបស់សហព័ន្ធកីឡាទូកអន្ដរជាតិ ព្រោះជាស្ថានភាពទឹកនឹង។

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជ្រើសរើសទន្លេវៃគោ ដែលជារមណីយដ្ឋានមួយ ក្នុងក្រុងស្វាយរៀង ធ្វើជាទីតាំងបោះជំរំហ្វឹកហាត់ក្រុមជម្រើសជាតិកីឡាទូក និងសម្រាប់រៀបចំការព្រឹត្តិការណ៍ប្រកួតនានា។ មូលហេតុដែលសហព័ន្ធ ជ្រើសយកទន្លេវៃគោ ព្រោះទីតាំងនេះមានទឹកនឹង ហើយមានលក្ខណៈស្ដង់ដាររបស់សហព័ន្ធកីឡាទូកអន្ដរជាតិ នេះបើតាមលោក គង់ សុភាព ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។  

សហព័ន្ធ បានដាក់វិញ្ញាសាដូចជា ទូកប្រពៃណី ទូកង ខ្នាតអន្ដរជាតិ ចំណុះ ២២នាក់ ៨០០ម៉ែត្រ, ទូកប្រពៃណីខ្នាតអន្ដរជាតិទូកនាគ វិញ្ញាសា៨០០ម៉ែត្រ ១២នាក់ និង២០០ម៉ែត្រ ១២នាក់, ទូកផ្កាចារខ្នាតអន្ដរជាតិ ២០០ម៉ែត្រ ៥នាក់, ទូកកានូ ២០០ម៉ែត្រ, កាយ៉ាក់ ២០០ម៉ែត្រ និងទូករ៉ូអ៊ីង ៨០០ម៉ែត្រ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតទូកប្រពៃណីខ្នាតអន្ដរជាតិ ទូកនាគ ទូកផ្កាចារ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តម ស សុខា លើកទី១ មានសមាគម-ក្លិបក្រសួង រាជធានី-ខេត្តចូលរួម ចំនួន២៥ ដែលមានប្រតិភូសរុប ៥៤៣នាក់។ រីឯ ព្រឹត្តិការណ៍ឆ្នាំ២០២៥នេះ សហព័ន្ធនឹងធ្វើចាប់ពីថ្ងៃទី១២-១៤ កញ្ញា ឆ្នាំ២០២៥ នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕