ភ្នំពេញ ៖
បុរសម្នាក់ បានបោកក្បាលបាក់ កស្លាប់នៅនិងកន្លែង ខណៈពេលដែលជិះម៉ូតូមួយគ្រឿង ទៅបុកម៉ូតូកង់បីមួយគ្រឿងដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២៥នៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ យុវជនរងគ្រោះឈ្មោះ ជា អាយុ ២៨ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែងជិះម៉ូតូម៉ាក់ Honda click ពណ៌សពាក់ស្លាកលេខភ្នំពេញ 1LQ-2673។
តាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿងខាងលើបានធ្វើដំណើរតាមផ្លូវជាតិលេខ៦Aក្នុងទិសដៅពីត្បូងទៅជើង។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KP-8155 ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ក្នុងចំណែកផ្លូវម៉ូតូនិងប្រុងបត់ឆ្លងផ្លូវទៅម្ខាងទៀត ។
តាមសាក្សី បានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យយុវជនដែលជិះម៉ូតូម៉ាក់ Honda click ដួលបោកក្បាលបាក់កស្លាប់នៅនឹងកន្លែង។ ភ្លាមៗនគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ រួចទាក់ទងទៅរថយន្តប្រុងបញ្ជូនទៅសង្គ្រោះតែត្រូវបានក្រុមគ្រូពេទ្យអះអាងថា បាក់ក ស្លាប់នៅនឹងកន្លែងបាត់ទៅហើយ។
តាមក្រុមគ្រួសារយុវជនរងគ្រោះ បានឲ្យដឹងថានៅថ្ងៃកើតហេតុ យុវជនជនរងគ្រោះបានធ្វើដំណើរពីស្រុកកំណើត ដោយប្រាប់ថា មកផ្ជាប់ពាក្យមិត្តភ័ក្រ នៅភ្នំពេញដោយទិញម៉ូតូមួយគ្រឿងខាងលើបង់រំលស់រួចក៏ធ្វើដំណើរទៅស្រុកវិញ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តែម្ដង។ បន្ទាប់ពីកើតមានគ្រោះថ្នាក់បើកបរម៉ូតូកង់បីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនផងដែរ ។
ម៉ូតូនិងម៉ូតូកង់បី ត្រូវបាននគរបាលចរាចរណ៍ចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមច្បាប់។ ចំណែកសពយុវជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕\