ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសកាតា បានស្ទាក់ចាប់កាំជ្រួចមីស៊ីលជាច្រើនគ្រាប់លើរដ្ឋធានី ដូហា (Doha) បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកលើកងកម្លាំងអាមេរិកនៅមូលដ្ឋានទ័ពអាកាស អាយ យូដេដ (Al Udeid) ក្នុងប្រទេសកាតា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការមួយដែលមានឈ្មោះ "ការប្រកាសជ័យជំនះ" ដោយបើកការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់ សំដៅលើមូលដ្ឋានយោធាអាមេរិកទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងកាតា។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានបន្តថា "អ៊ីរ៉ង់នឹងមិនទុកការវាយប្រហារណាមួយលើបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ដោយគ្មានការឆ្លើយតបនោះទេ"។ គួរបញ្ជាក់ផងដែរថា មុនពេលនៃការវាយប្រហារ ដែនអាកាសប្រទេសកាតា និងប្រទេសអារ៉ាប់រួមដែលនៅជិតខាង ត្រូវបានបិទ ខណៈដែលបន្ទាប់ពីការវាយប្រហារ មិនមានរបាយការណ៍បញ្ជាក់ពីការស្លាប់ និងរងរបួសនោះទេ។