សៀមរាប ៖
លោក វែង មួយគី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត បានសម្រេចឃុំខ្លួន ថៅកែលុយរាប់ ដាក់ពន្ធនាគារបណ្តុះអាសន្ន ខណៈទៅទារលុយកូនបំណុលស្រីដល់ ហាង ចំនួន២លានរៀល ខឹងមិនព្រមសងតាមការកំណត់ បានជេរប្រមាថ ហើយ មិនអស់ចិត្ត ក៏ស្ទុះទៅទះកំភ្លៀងជាច្រើនកំភ្លៀងលើកូនបំណុល បង្កការភ្ញាក់ផ្អើលពេញក្នុងហាងយីហោ «ម្លប់ក្រូច» កាលវេលាម៉ោង ១១ថ្ងៃត្រង់ទី១៣ ខែ មិថុនា ឆ្នាំ២០២៥។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី១៦ មិថុនានេះ ថា ជនសង្ស័យឈ្មោះ ថុន វត្តី ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរដាក់លុយរាប់ រស់នៅក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ស្តី្ររងគ្រោះ ឈ្មោះ យ៉ លឿប (ហៅ លឹប) ភេទស្រី អាយុ៤៤ ឆ្នាំ រស់នៅភូមិ ព្រះត្រពាំង ឃុំ ដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជនរងគ្រោះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកសូទ្រនិគម បានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ មកធ្វើការសាកសួរ ករណីហិង្សាទះកំភ្លៀងទៅលើស្ត្រីជាបុគ្គលិក ដែលបម្រើការងារ រត់តុនៅហាង ម្លប់ក្រូច និង នាំយកមកប្រគល់ឲ្យការិយាល័យនគរបាលជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។
ក្រោយបញ្ជូនទៅកាន់តុលាការសួរនាំជនសង្ស័យរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឲ្យកម្លាំងការិយាល័យនគរបាលជំនាញ បញ្ជូនខ្លួនជនសង្ស័យ ទៅដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ។
សូមបញ្ជាក់ថាស្ត្រីជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទាមទារសំណងជម្ងឺចិត្តចំនួន ២០០០ដុល្លារ សម្រាប់ឲ្យថ្លៃថ្នាំពេទ្យនិង៥០០ដុល្លារទៀតសម្រាប់ដោះស្រាយរួចបំណុល ដែលជំពាក់ថៅកែលុយ ដើម្បីយកម៉ូតូមកទុកជិះទៅធ្វើការវិញ៕