គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះខ្ទង់ ៥០០០នាក់ហើយដើម្បីចូលរួមរត់ក្នុង ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី ១៥ ខែមិថុនា។ នេះបើតាមប្រសាសន៍ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមិថុនា។
ក្នុងចំណោមអ្នកចុះឈ្មោះនោះ មានអ្នករត់ជនជាតិខ្មែរមានច្រើនជាងគេ ហើយជនជាតិចិនឈរលេខ២ បន្តដោយអ្នករត់ជនជាតិជប៉ុន និង បារាំង។ ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ចំនួនអ្នកចុះឈ្មោះនេះបានបង្ហាញពីសន្ទុះគួរកត់សម្គាល់ ខណៈឆ្នាំ២០២៤កន្លងទៅ មានអ្នកចូលរួមជាង៤១០០នាក់។
អ្វីគួរកត់សម្គាល់ទៅទៀតនោះ ទីតាំងចេញដំណើរ និង ទីផ្តាច់ព្រ័ត្រ នឹងត្រូវផ្លាស់ប្ដូរពីមុខ ព្រះបរមរាជវាំង ទៅមុខសួនច្បារ វត្តបទុមវតី វិញម្ដង។ បម្រែបម្រួលទីតាំងនេះ ដោយសារតែមុខព្រះបរមរាជវាំងត្រូវរៀបចំកម្មវិធីជាតិធំៗជាច្រើន។ ជាមួយគ្នានេះ តម្រាយផ្លូវក៏ត្រូវបន្ថែមកាន់តែច្រើន ដោយសារតែសុវត្ថិភាពកាន់តែល្អជាងមុន។
លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុង មានប្រសាសន៍ថា ការប្រកួតមានវិញ្ញាសា ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ និង ២,៥ គីឡូម៉ែត្រ សម្រាប់លក្ខណៈគ្រួសារដែលមាន ឪពុក ម្ដាយ និងកូនៗតូចៗ។ វិញ្ញាសា ២,៥ គីឡូម៉ែត្រនេះក៏នឹងមានការប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភីដែរ តែសម្រាប់តែក្មេងៗចាប់ពីអាយុក្រោម ១២ ឆ្នាំចុះដើម្បីជាការលើកទឹកចិត្ត។
លោក សែម ផល្លា សង្កត់ធ្ងន់ដែរថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនឹងមានការតាមដានដោយ គណៈកម្មាធិការម៉ារ៉ាតុងអន្តរជាតិ ព្រោះកម្ពុជាក៏ជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១១២ ប្រទេស។ ដូច្នេះលោកសូមអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយច្រើនពីព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានរំឭកថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិប្រព្រឹត្តទៅដើម្បីចូលរួមអបអរ ព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាការស្វែងរក ការជួយជ្រោមជ្រែងដល់ មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជា អង្គការសប្បុរសធម៌ មួយចំនួនទៀតដែរ៕