លោក ហេង ផេង គ្រូធំជម្រើសជាតិកីឡាការ៉ាតេកម្ពុជាបានលើកឡើងថា ការដណ្តើមបានមេដាយ៥គ្រឿងរបស់កម្ពុជា ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ដែលជាចំនួនមេដាយមិនទាន់ដល់គោលដៅដែលសហព័ន្ធចង់បាននោះទេ ប៉ុន្តែក៏ជាការសម្រួចគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជាឆ្ពោះទៅស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។

នេះជាការលើកឡើងរបស់លោក ហេង ផេង ក្នុងឱកាសដឹកនាំប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុបចំនួន ៣៣នាក់ ក្នុងនោះ កីឡាករកីឡាការិនី ២៥នាក់ ធ្វើដំណើរមកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ហេង ផេង គូសបញ្ជាក់ថា ការប្រកួតការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ឆ្នាំ២០២៥នេះ គឺមានកីឡាករ កីឡាការិនីចូលរួមមកពី៩ប្រទេសក្នុងតំបន់ ហើយចំពោះការប្រកួតប្រជែងពិតជាខ្លាំងក្លាណាស់ ដោយសារតែបណ្តាប្រទេសនានាបានបញ្ជូនអត្តពលិករបស់ខ្លួនច្រើន ក្នុងនោះវៀតណាមបញ្ជូនអត្តពលិក ១០០នាក់ ថៃ ៧០នាក់ ខណៈកម្ពុជាបញ្ជូន ៣៣នាក់ ក្នុងនោះកីឡាករ កីឡាការិនី២៥នាក់ ហើយដណ្តើមបានមេដាយសរុប ៥គ្រឿង មានមេដាយប្រាក់១ និងសំរឹទ្ធ៤។

សង្កត់ធ្ងន់បន្ថែមពីលើនេះ លោក ហេង ផេង លើកឡើងថា ជាមួយនឹងការខិតខំប្រែងប្រែងហ្វឹកហាត់ត្រៀម និងការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកតំបន់នេះ គឺអត្តពលិកកម្ពុជាមានលក្ខណៈល្អប្រសើរលើផ្នែកគុណភាពដែរ ប៉ុន្តែយើងមិនអាចឈានដល់កម្រិតមេដាយមាស ឬមេដាយផ្សេងៗឱ្យបានច្រើន ដោយសារតែអត្តពលិកក្នុងតំបន់ខ្លាំងៗ ជាពិសេសវៀតណាមបញ្ជូនអត្តពលិកច្រើន ហើយមានភាពលេចធ្លោខ្លាំងក្នុងគុណភាពបច្ចេកទេសលើគ្រប់វិញ្ញាសាទាំងអស់ ដោយធ្វើឱ្យវៀតណាមឈរនៅលំដាប់លេខ១ ខណៈកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៧។

ជាមួយគ្នានេះ ក្នុងនាមក្រុមប្រតិភូ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលតែងតែលើកទឹកចិត្តគាំទ្រជំរុញឱ្យជំនាញកីឡាមួយនេះបោះជំហានបានរីកចម្រើជាជំហាន និងបានចូលរួមប្រកួតអន្តរជាតិជាបន្តបន្ទាប់។

គួរបញ្ជាក់ថា មេដាយទាំង៥គ្រឿងរបស់កម្ពុជា ដណ្តើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ដោយកីឡាករ លី គួយហាវ ទទួលបានមេដាយប្រាក់ ១គ្រឿង ក្នុងប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ខណៈមេដាយសំរឹទ្ធ២គ្រឿងដណ្តើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជននារី ដោយកីឡាការិនី ឆន ស្រីភា ក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ដោយកីឡាករ ស្រៀង វិរៈ ក្នុងប្រភេទទម្ងន់ ៨៤គីឡូក្រាមឡើង។ ចំពោះមេដាយសំរឹទ្ធ ២ គ្រឿងទៀត ដែលរកបាននៅថ្ងៃចុងក្រោយ គឺលើប្រភេទវិញ្ញាសាប្រយុទ្ធក្រុមនារី និងវិញ្ញាសាប្រយុទ្ធក្រុមបុរស៕