កណ្ដាល៖ 

កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនជិត ៤ក្រាម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ហើយ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៤:៤០នាទីរសៀល នៅចំណុចមុខរោងចក្របឹងឈូក ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សាត មករា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោមជនសង្ស័យរកសារធាតុញៀន ដែលបង្ហាញលទ្ធផលវិជ្ជមាន (+)។

ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥ កញ្ចប់ (ធំ ០២ កញ្ចប់ មធ្យម ០២ កញ្ចប់ និងតូច ០១ កញ្ចប់) ទម្ងន់សរុប ៣,៨២ ក្រាម, ម៉ូតូចំនួន ០១ គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-2453, និងឧបករណ៍ប្រើប្រាស់និងវិចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕