ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើកឡើងថា ការរៀបចំវេទិកាអត្តពលិកជាតិ អបអរទិវាអូឡាំពិក គឺដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការសុខភាពពិភពលោក ក្នុងការបំផុសគំនិតឱ្យមនុស្សជុំវិញពិភពលោកចូលរួមលេងកីឡាជាប្រចាំ និងការធ្វើលំហាត់ប្រាណតិចជាង ១ម៉ោងក្នុងមួយថ្ងៃ។ ប្រធាន NOCC ក៏បានអំពាវនាវបន្ថែមទៀតឱ្យ សិស្សានុសិស្ស និងអត្តពលិកកីឡាជម្រើសជាតិកម្ពុជា បន្តចូលរួមបំផុសគំនិតកីឡា និងចូលរួមលេងកីឡាឱ្យបានជាប្រចាំ ក្នុងជីវិតរស់នៅ។ទិវាអូឡាំពិក រៀបចំឡើងដោយគណៈកម្មការ NOCC ធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី២២ ខែមិថុនា ក្រោមមូលបទ រួមធ្វើចលនាទាំងអស់គ្នា «Let’s Move» ព្រមទាំងយុទ្ធនាការជាតិ «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» និងការបំផុសគំនិតរបស់អង្គការសុខភាព «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត»។
បើតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន អង្គការសុខភាពពិភពលោក បានបង្ហាញពីក្តីបារម្ភចំពោះបញ្ហាសុខភាពមនុស្សលើពិភពលោក ភាគច្រើនពុំសូវធ្វើលំហាត់ប្រាណជាប់លាប់ ឬការលេងកីឡាដើម្បីពង្រឹងសុខភាពរស់នៅឡើយ។ ប្រធាន NOCC បានអះអាងពីគោលបំណងនៃការរៀបចំកម្មវិធីទិវាអូឡាំពិក លើកទី១៣១ ទូទាំងពិភពលោក គឺដើម្បីចូលរួមបំផុសស្មារតីកីឡាទៅកាន់ពលរដ្ឋ ក្នុងស្រុក និងជុំវិញពិភពលោក និងការគាំទ្រដល់បេសកកម្មបំផុតស្មារតី លេងកីឡា និងហាត់ប្រាណ សម្រាប់កុមារ យុវជន និងមនុស្សពេញវ័យ។បន្ថែមពីនេះ ឯកឧត្តម ថោង ខុន ក៏បានអំពាវនាវដល់សិស្សានុសិស្ស និងអត្តពលិកជម្រើសជាតិ ដែលចូលរួមទិវាអូឡាំពិក (Olympic Day) ឱ្យបន្តជួយផ្សព្វផ្សាយពីស្មារតីកីឡា និងចូលរួមជាប្រចាំក្នុងការលេងកីឡា ឬលំហាត់ប្រាណប្រចាំថ្ងៃ។
វេទិកាអត្តពលិកជាតិ បានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីជាការអបអរដល់ ទិវាអូឡាំពិក (Olympic Day) នៅសាលកីឡាវាយសី ពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅទីលានបាល់ទាត់ ថ្ងៃទី២២ មិថុនា។ សិស្សានុសិស្ស និងអត្តពលិកជម្រើសជាតិកីឡា សរុប ៥០០នាក់ ចូលរួមក្រេបយកចំណេះដឹង និងស្តាប់ការចែករំលែកបទពិសោធន៍ពីសំណាក់អតីតអត្តពលិកកីឡាជម្រើសជាតិកម្ពុជា ដែលធ្លាប់ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងវេទិកាអត្តពលិកជាតិ។ វេទិកាអត្តពលិកជាតិ បានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីជាការអបអរដល់ ទិវាអូឡាំពិក (Olympic Day) នៅសាលកីឡាវាយសី ពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅទីលានបាល់ទាត់ ថ្ងៃទី២២ មិថុនា។
វេទិកាអត្តពលិកនេះ មានការចូលរួមចែករំលែកបទពិសោធន៍ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC រួមទាំងអតីតកីឡាករហែលទឹក លោក ហែម គិរី, អតីកីឡាការិនីហែលទឹក ហែមថុន វិទិនី, អតីតកីឡាការិនីចំបាប់ ចូវ សុធារ៉ា និងលោក ឈុន ប៊ុនថន អត្តពលិកម្ចាស់មេដាយស៊ីហ្គេម កីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ធ្លាប់បង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤៕