កំពង់ស្ពឺ៖ 

ក្រុមជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពស្ទាក់ប្លន់ម៉ូតូពីជនរងគ្រោះ ហើយ ព្យាយាមជិះគេចខ្លួន។

យោងតាមនគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថា ជនរងគ្រោះដែលត្រូវជនសង្ស័យស្ទាក់ប្លន់ម៉ូតូ មានឈ្មោះ ឆៃ ណាសីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមនីជ័យ ហើយម៉ូតូរបស់ជនរងគ្រោះ មានម៉ាកPOPZ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA-4800 ត្រូវបានប្លន់នៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ១៤០ ចំណុចមុខសាលាបឋមសិក្សាអង្គជ្រៃ ស្ថិតនៅភូមិទន្លេរកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ 

  នគរបាលស្រុកសំរោងទង បានបន្តថា ដោយបានការអនុញ្ញាតនិងការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ  នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលស្រុកសំរោងទង បានសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខសញ្ញានិងឃាត់ជនសង្ស័យ បានចំនួន៨នាក់។

បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ឱ្យដឹងថាក្រៅពីឃាត់ក្រុមជនសង្ស័យ សមត្ថកិច្ច ដកហូតបានវត្ថុតាងម៉ូតូចំនួន០៣គ្រឿងរបស់ជនសង្ស័យជិះធ្វើសកម្មភាព ០២គ្រឿង និង ម៉ូតូម៉ាក POPZ របស់ជនរងគ្រោះផងដែរ ។ 

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៨នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោងទង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ ដើម្បីមានចំណាត់ការបន្ដតាមផ្លូវច្បាប់៕