បន្ទាយមានជ័យ៖
ក្រោយភាគីថៃបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដោយឯកតោភាគី ពេលឃើញប្រជាពលរដ្ឋខ្មែរ.ថៃជាប់គាំងទាំងសងខាង សម្របសម្រួលបើកច្រកឲ្យពលរដ្ឋចូលប្រទេសរៀងខ្លួនវិញប្រមាណជាង៣ម៉ោង នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយរងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារ សមត្ថកិច្ចពាក់ព័ន្ធ កងកម្លាំងទាំងបី បានទទួលស្វាគមន៍ប្រជាពលរដ្ឋ អាជីវករ ពលករខ្មែរ វិលត្រលប់មកប្រទេសវិញ។
ក្រោយអាជ្ញាធរកម្ពុជា.ថៃបានសម្របសម្រួលឲ្យពលរដ្ឋដែលជាប់គាំងទាំងសងខាង វិលចូលប្រទេសរៀងខ្លួនវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បើកពីម៉ោង១៧.០០ បិទវិញនៅម៉ោង២០.១៥នាទី ឃើញមានពលករអាជីវករខ្មែរ ប្រមាណជាង៦.០០០នាក់ មានទាំងអាជីវករខ្មែរនៅផ្សាររោងក្លឿ និងពលករដែលវិលត្រលប់ចូលប្រទេសវិញ ចំណែកពលរដ្ឋថៃចាកចេញពីកម្ពុជាទៅថៃអាចប្រមាណជាង២.០០០នាក់។
ដោយឡែកអាជីវករខ្មែរដែលមានរថយន្ត និងម៉ូតូត្រូវបានភាគីថៃសម្រួលអោយចូលម៉ោង១៨.០០ រហូតដល់ម៉ោង២០.១៥នាទី មានប្រមាណរាប់រយគ្រឿងចូលជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថា៖ ក្រោយពេលភាគីថៃបិទច្រកនៅម៉ោង២០.១៥នាទី ឃើញមានប្រជាពលរដ្ឋថៃដែលស្នាក់នៅធ្វើការងារនៅក្រុងប៉ោយប៉ែត នៅប្រមាណជា១០០នាក់ជាប់គាំងនៅមាត់ច្រកខាងភាគីកម្ពុជា ដោយចេញទៅមិនទាន់ ហើយបើតាមប្រភពអ្នកនៅខាងភាគីថៃ ក៏មានពលរដ្ឋខ្មែរនៅសេសសល់ដូចគ្នា ហើយខាងភាគីថៃនៅមិនទាន់ហ៊ានបញ្ជាក់ថា និងមានការសម្របសម្រួលឲ្យចេញចូលបន្តទៀតឬយ៉ាងណាទេនៅថ្ងៃបន្ទាប់ ដោយភាគីថៃចាំបទបញ្ជាមេកើយរបស់ខ្លួន៕