ទោះបីជាទើបតែទទួលបានឱកាសចូលរួមព្រឹត្តិការណ៍កីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍លើកដំបូង កីឡាករ កីឡាការិនី កីឡាហាប់គីដូកម្ពុជា បានតាំងចិត្តខ្ពស់ដូចៗគ្នាដើម្បីជ្រោងទង់ជាតិខ្មែរលើឆាកអន្តរជាតិ។ ជាក់ស្ដែង កីឡាការិនី ម៉ូណាជេសស៊ីកា កីឡាការិនី គង់ ម៉ូណាដាយអាណា កីឡាការិនី ឡាយ គីមហ័រ និងកីឡាករ សុខុន សីហនុត ទទួលស្គាល់ថានឹងអាចមានឧបសគ្គខ្លះក្នុងដំណើរឆ្ពោះទៅយកលទ្ធផលល្អជូនជាតិ។ ប៉ុន្តែអ្នកទាំងអស់គ្នាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបានប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងសម្រាប់ការប្រកួតនេះ។
សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ១១ រូបនៃសហព័ន្ធកីឡាខ្មែរហាប់គីដូ ដឹកនាំដោយលោកអគ្គលេខាធិការ គង់ ចាន់ធីណា បានចាកចេញពីរាជធានីភ្នំពេញ នារាត្រីថ្ងៃចន្ទ ទី០៩ ខែមិថុនា ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥។
នេះជាលើកទី២ហើយដែល សហព័ន្ធកីឡាខ្មែរហាប់គីដូ បានបញ្ជូនអត្តពលិកទៅប្រកួតកម្រិតអន្តរជាតិ ដោយលើកទី១ កាលខែសីហា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍កីឡាហាប់គីដូជើងឯកពិភពលោក។
លោក គង់ ចាន់ធីណា មានប្រសាសន៍ថា ការចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិបានច្រើនជាឱកាសសំខាន់ដើម្បីពង្រឹងសមត្ថភាព កីឡាករ កីឡាការិនី។
លោកអគ្គលេខាធិការដដែល ក៏បានថ្លែងអំណរគុណដល់ លោកឧកញ៉ា សៅ សេងហាក់ ប្រធាន សហព័ន្ធខ្មែរហាប់គីដូ និងថ្នាក់ដឹកនាំផ្សេងៗទៀតដែលបានជួយជ្រោមជ្រែងលើការធ្វើដំណើរទៅចូលរួម ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយសម្របសម្រួលផងដែរ៕