យោងតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី5 ខែមិថុនានេះថា បន្ទាប់ពីជំនួបជាមួយលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខប្រទេសរុស្ស៊ី គឺលោក សឺរហ្គី សយហ្គូ (Sergei Shoigu) ក្នុងទីក្រុងព្យុងយ៉ាង លោកប្រធានាធិបតី គីម ជុងអ៊ុន បានសន្យាគាំទ្រដោយគ្មានលក្ខខណ្ឌសម្រាប់ជំហររបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន និងបញ្ហាអន្តរជាតិផ្សេងទៀត។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងវិស័យផ្សេងៗគ្នា។ គួរបញ្ជាក់ផងដែរថា សន្ធិសញ្ញាមួយត្រូវបានចុះហត្ថលេខា អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីឆ្នាំមុន និងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី គីម ដោយក្នុងនោះ រួមទាំងកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកក្នុងករីណ ប្រសិនបើភាគីណាមួយក្នុងចំណោមភាគីទាំងពីរ ប្រឈមមុខនឹងការឈ្លានពាន។