ភ្នំពេញ៖ 

បុរសវ័យចំណាស់ម្នាក់ ខណៈជិះកង់ពីផ្ទះទៅសុំសីល ហើយជិះឆ្លងផ្លូវចូលវត្ត ក៏ត្រូវបានរថយន្ត១គ្រឿងបើកស្របទិសគ្នាទៅដល់ បុកនិងកិន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមនៅនិងកន្លែងតែម្ដង ។

ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៦និ២០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខវត្តទឹកថ្លា ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បុរសជនរងគ្រោះខាងលើឈ្មោះ នុយ សេងរ៉ាត់ អាយុ៧០ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ចំណែករថយន្តបង្កម៉ាកHIYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-5578 ហើយអ្នកបើកបររត់គេចខ្លួនបាត់ ។

ប្រជាពលរដ្ឋ បាននិយាថា នៅមុនពេលកើត ជនរងគ្រោះបានជិះកង់១គ្រឿងចេញពីផ្ទះទៅសុំសីលនៅឯវត្តទឹកថ្លា ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់មុខវត្ត បានជិះឆ្លងផ្លូវចូលវត្ត ស្រាប់តែរថយន្តខាងលើបើកលឿនក្នុងទិសដៅស្របគ្នាទៅដល់បុកពេញទំហឹងរួចកិន បណ្តាលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតតែម្តង ។ បន្ទាប់មក រថយន្ត បានហួសទៅមុខឆ្ងាយបន្តិច ទើបឈប់ ហើយអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ក្រាំងពង្រ និងនគរបាលចរាចរណ៍ខណ្ឌដង្កោ ព្រមទាំងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក ចុះធ្វើការវាស់វែង និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕