ភ្នំពេញ៖
ជនសង្ស័យជាជាងសំណង់ម្នាក់ ខណៈជិះម៉ូតូទៅធ្វើការ បានឃើញកម្មការិនីម្នាក់ទុកទូរស័ព្ទនៅក្នុងហោប៉ៅខោក្រោយបែបទំនង ក៏ធ្វើសកម្មភាពឆក់យកបានសម្រេច ហើយ ព្យាយាមជិះរត់គេចខ្លួន ក៏ត្រូវនាងជិះដេញតាមនិងស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយឃាត់ខ្លួនបាន ។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងក្នុងភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានប្រាប់ថា ជនសង្ស័យខាងលើនោះ ឈ្មោះ រាន វាសនា អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកស្រ្តីជនរងគ្រោះឈ្មោះគល់ មុំ អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FP-5755 តាមផ្លូវខាងលើ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឃើញស្រ្តីរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅអត់ស្លាកលេខ១គ្រឿង ចេញពីផ្ទះទៅធ្វើការដោយបានទុកទូរស័ព្ទ១គ្រឿងម៉ាកOPPO នៅក្នុងហោប៉ៅខោក្រោយ ។
ប្រភពដដែល បានប្រាប់បន្ថែមថា ជនសង្ស័យ ក៏បានជិះម៉ូតូទៅពីក្រោយ រួចធ្វើសកម្ម ភាពឆក់យកទូរស័ព្ទបានសម្រេច ហើយ ជិះម៉ូតូបត់ត្រលប់ក្រោយគេចខ្លួន។ ពេលនោះជនរងគ្រោះបានបត់ម៉ូតូត្រលប់ក្រោយដេញតាមនិងស្រែកថាចោរៗ បង្កឲ្យភ្ញាក់ផ្អើលតាមដងផ្លូវ ។ បន្ទាប់មក ប្រជាការពារនិងនគរបាលជួយដេញតាមឃាត់បាននៅត្រង់ចំណុចជិតផ្លូវរថភ្លើង ស្ថិតនៅតាមផ្លូវលេខ៤២ ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រួចបញ្ជូនទៅកាន់ប៉ុស្តិ៍បឹងធំ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ៕