កណ្ដាល ៖
ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នៅហ្នឹងកន្លែងនិងរងរបួសធ្ងន់ចំនួនពីរនាក់ បណ្ដាលមកពីបើកម៉ូតូក្នុងល្បឿនលឿនបុកបង្កាន់ដៃស្ពាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៥ និង០០នាទី ស្ថិតនៅលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ូគី និច( nex) ពាក់ផ្លាកលេខ ភ្នំពេញ1FT 0397 បានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយ ពេលបើកមកដល់ចំណុចភូមិឃុំកើតហេតុ បានជ្រុលចង្កូតទៅបុកបង្គោលបង្កាន់ដៃស្ពានព្រែកតាស្រី ហើយ ក៏បានធ្លាក់ម៉ូតូ ព្រមទាំងអ្នកបើកបរនិងអ្នករួមដំណើរទៅក្នុងព្រែក ទាំងអស់គ្នា។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាក និច នេះ បើកបរដោយឈ្មោះ យ៉ុនមករា ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរលក់នំប៉័ង មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកយ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់ និងមានអ្នករួមដំណើរ២នាក់៖
១.ឈ្មោះ ខន លីនដាភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិទួលសាលា ឃុំសាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បានស្លាប់នៅកន្លែងកើតហេតុ និង ២. ឈ្មោះ មិត្ត ស្រីភា ភេទស្រីអាយុ១៩ឆ្នាំ មុខរបរ រត់តុ មានទីលំនៅភូមិព្រែកស្លែង ឃុំសាងភ្នំ ស្រុកស្អាង ខេត្ត កណ្ដាល រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានទៅចុះត្រួតពិនិត្យ វាស់វែងកន្លែងកើតហេតុ ហើយ បានធ្វើការប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួស ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្អាង៕
