កណ្តាល៖ 

ជនសង្ស័យជាស្ត្រីជនជាតិវៀតណាមម្នាក់ ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ  ព្រៃ-ស ម្ដងរួចមកហើយទាក់ទងករណីប្រើប្រាស់នូវសារធាតុញៀន  តែពេលមានសេរីភាពបានចេញមកវិញ បែរបែកគំនិតជួញដូររកប្រាក់ចំណេញពីសារធាតុញៀន ក៏ត្រូវជាប់ចំណងរបស់សមត្ថកិច្ច ដែលហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

ស្ត្រីជាជនសង្ស័យ ឈ្មោះ ផាន់ ហឿង ហៅ វី អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម  ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ និងធ្លាប់មានប្រវត្តិជាប់ពន្ធនាគារព្រៃ-ស ចំនួន០១ដងរយៈពេល០៨ខែ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ចំពោះវត្ថុតាងចាប់យក៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៦កញ្ចប់ ទម្ងន់សរុប ១,៧៤ក្រាម, ទូរសព្ទដៃម៉ាក IPhone 11Pro ចំនួន០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, សម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់មួយចំនួន ។ 

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា÷ថ្នាំញៀនចំនួន០៦កញ្ចប់នោះ គឺពិតជារបស់ខ្លួនប្រាកដមែន ដែលបានទិញពីឈ្មោះ វីរៈ ភេទប្រុស អាយុ៤៥ឆ្នាំ  ដោយប្រើមធ្យោបាយជិះទូកមកលក់នៅចំណុចមាត់ទន្លេបាសាក់ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ក្នុងតម្លៃ១០០.០០០៛(ដប់ម៉ឺនរៀល) ដើម្បីយកមកប្រើប្រាស់ និងលក់បន្តពិតប្រាកដមែន។ 

 ស្ត្រីជាជនសង្ស័យ រួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ៕