គណៈប្រតិភូប្រទេសរុស្ស៊ីបានទៅដល់ទីក្រុងអ៊ីស្តងប៊ុលរបស់ប្រទេសតួរគីកាលពីល្ងាចថ្ងៃអាទិត្យ ទី1 ខែមិថុនា សម្រាប់កិច្ចចរចាសន្តិភាពជុំទីពីរជាមួយប្រទេសអ៊ុយក្រែន។  ជុំទីមួយនៃកិច្ចចរចាកាលពីជាងមួយសប្តាហ៍មុន បានសម្រេចជោគជ័យនៃការដោះដូរអ្នកទោសដ៏ធំបំផុតចាប់តាំងពីសង្រ្គាមផ្ទុះឡើង បើទោះបីជាមិនមានសញ្ញាណាមួយនៃការបញ្ឈប់ការប្រយុទ្ធក៏ដោយ។ នៅក្នុងកិច្ចចរចារជុំទីពីរនេះ ភាគីទាំងពីរ នឹងបង្ហាញផែនការសន្តិភាព និងលក្ខខណ្ឌរៀងៗ ខណៈដែលមន្ត្រីអ៊ុយក្រែន គ្រោងនឹងបង្ហាញជូនភាគីរុស្ស៊ីនូវផែនទីបង្ហាញផ្លូវមួយដែលបានស្នើឡើង សម្រាប់ការឈានដល់ដំណោះស្រាយសន្តិភាពយូរអង្វែង។ គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនាឆ្នាំមុន លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានកំណត់លក្ខខណ្ឌបើកចំហររបស់លោកសម្រាប់ការបញ្ចប់សង្រ្គាមភ្លាមៗ ដោយក្នុងនោះ ប្រទេសអ៊ុយក្រែនត្រូវតែបោះបង់ចោលមហិច្ឆតារបស់ខ្លួនក្នុងការចង់ចូលរួមជាមួយអង្គការណាតូ និងការដកទ័ពទាំងអស់ចេញពីទឹកដីទាំងបួនដែលកងទ័ពរុស្ស៊ីវាយដណ្តើមបាន។