កំពង់ឆ្នាំង ៖
យ៉ាងហោចណាស់ មានមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល ករណីរថយន្ត២បុកគ្នាទាំងយប់។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង២០និង២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៩២-៩៣ ស្ថិតនៅក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ច អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត០១គ្រឿង ម៉ាក TOYOTA Prius ពណ៌ស ពាក់ផ្លាក លេខ ភ្នំពេញ 2AW-9791 (ជិះគ្នា០៤នាក់)បើកបរដោយឈ្មោះ ឡឹប រ៉ហ្វីន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងលិច ទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តបែនដឹកដី ពីក្រោយពេញទំហឹង បណ្តាលឲ្យមានមនុស្សក្នុងរថយន្ត TOYOTA Prius ចំនួន៤នាក់ រងរបួស ក្នុងនោះរបួសធ្ងន់២នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថារថយន្តបែនដឹកដី ដែលគេបុកពីក្រោយនោះ ម៉ាក SCANIA ពណ៌ស លាយខ្មៅពាក់ផ្លាកលេខ កណ្តោល 3A-2329 បើកបរដោយឈ្មោះហូវ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ចេតយិ៍ថ្មីឃុំវិហារលួងស្រុកពញាឮ ខេត្តកណ្តាល បើកបរពីទិសខាងលិចទៅទិសខាងកើត រួចឈប់នៅលើចិញ្ចើមផ្លូវខាងស្តាំ (លើផ្លូវកៅស៊ូ)ក្នុងដំណើរស្របទិសគ្នា។
បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង២គ្រឿង យកមករក្សានៅកន្លែងសមត្ថកិច្ចរងចាំដោះស្រាយបន្តតាមនិតិវិធី ៕