យោធាអ៊ីស្រាអែល នៅតែបន្តការបាញ់ប្រហារឥតឈប់ឈរលើប្រជាជនប៉ាឡេស្ទីនដែលកំពុងរងចាំទទួលជំនួយពីមជ្ឈមណ្ឌលចែកចាយស្បៀងអាហារមួយកន្លែងក្នុងតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 20 នាក់ និងរាប់រយនាក់ទៀតរងរបួស។ ការបាញ់សម្លាប់យ៉ាងឃោរឃៅនេះ ធ្វើឡើងនៅជិត "ច្រករបៀង Netzarim" ដែលជាច្រករបៀងយោធាប្រវែងប្រមាណ 6 គីឡូម៉ែត្រ ដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ហើយក៏ជាផ្លូវដ៏សំខាន់សម្រាប់ទំនិញ និងមនុស្ស ចូលទៅក្នុងតំបន់ ដែលត្រូវបានបង្កើតឡើងដោយអ៊ីស្រាអែលអំឡុងពេលនៃសង្រ្គាម។ គួរបញ្ជាក់ផងដែរថា បើទោះបីជាមានការបាញ់ប្រហារឥតឈប់ឈរនេះក្តី ក៏ប្រជាជនប៉ាឡេស្ទីននៅតែប្រថុយជិវិតរបស់ពួកគេ ដើម្បីរងចាំទទួលជំនួយសម្រាប់បន្តជីវិតរបស់ពួកគេ ដែលកំពុងប្រឈមនឹងភាពអត់ឃ្លានខ្លាំងនេះ។