បាត់ដំបង៖
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង 8:30នាទី ថៃផ្តើមប្រកាសបិទច្រកទ្វារព្រំដែនកម្ពុជាថៃចំនួន០៤ក្នុងខេត្តបាត់ដំបង ជាឯកតោភាគី មិនឱ្យមានការ នាំទំនិញចេញចូលដូចកន្លងមកនិងពលករខ្មែរជាអាជីវករចេញចូលប្រកបមុខរបរលក់ដូរប្រចាំថ្ងៃ។
ច្រកទ្វារព្រំដែនកម្ពុជាថៃក្នុងខេត្តបាត់ដំបង មានដូចជា÷
-ច្រកទ្វារព្រំដែនអន្តរជាតិចំនួនពីរ គឺច្រកទ្វារព្រំដែនអន្តរជាតិដូងក្នុងស្រុកកំរៀង
-ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី គីឡូ១៣ក្នុងស្រុកសំពៅលូន និង ច្រកតំបន់ចំនួនពីរ គឺច្រកទ្វាព្រំដែនអូរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនិងច្រកទ្វារព្រំដែនអូរអន្លួក់ស្រុកកំរៀងក្នុងខេត្តបាត់ដំបង ត្រូវបានភាគីថៃ ប្រកាសបិទទាំងស្រុង ហាមមិនឲ្យនាំទំនិញចេញចូលនិងពលរដ្ឋខ្មែរ ចូលទៅប្រកបអាជីវកម្មនៅក្នុងប្រទេសថៃឡើយ។ លើកលែងតែសិស្សសាលាចូលទៅរៀននៅប្រទេសថៃនិងសង្គ្រោះបន្ទាន់។
មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិ បានឲ្យដឹងថា ការប្រកាសបិទជាឯកតោភាគីរបស់ភាគីថៃ គឺបានធ្វើឡើងភ្លាមៗ ដោយមិនមានការជូនដំណឹងឲ្យភាគីខាងកម្ពុជាដែលឈរជើងនៅតាមច្រកទ្វារព្រំដែនកម្ពុជាថៃបានដឹងជាមុនឡើយ គឺខាងភាគទីថៃបានបញ្ជូនពលករខ្មែរឲ្យចេញពីប្រទេស បិទមិនឲ្យចូលទៅប្រកបមុខរបរនៅប្រទេសរបស់គេ។
មន្ត្រីច្រកទ្វារដដែល បានបញ្ជាក់ឲ្យដឹងទៀតថាចំពោះពលករខ្មែរដែលចេញមកពីថៃ ទោះពេលណាក៏ដោយ ក៏មន្ត្រីដែលឈរជើងនៅច្រកទ្វារអន្តរជាតិ នឹងចាំទទួលពួកគាត់ ដែលវិលចូលប្រទេសខ្លួនវិញ។ ចំពោះអ្នកដែលចង់ចូលទៅប្រកបមុខរបរនៅប្រទេសថៃគឺមិនអាចចូលបានឡើយ លើកលែងតែសិស្សសាលាឆ្លងទៅរៀននៅប្រទេសថៃឬ មានអ្នកជំងឺត្រូវការសង្គ្រោះបន្ទាន់ដែលថៃលើកលែងឲ្យចូលបាន៕