បាត់ដំបង៖
ក្រុមក្មេងទំនើងចំនួន០៧នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ឃាត់ខ្លួន ក្រោយពួកគេធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវទីសាធារណៈបង្កការរំខាន និងបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋាន ។
លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅតាមដងផ្លូវកៅស៊ូ ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៧នាក់និងម៉ូតូ០៣គ្រឿង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។
ក្រោយពីបានសាកសួរពួកគេបានសារភាពទទួលស្គាល់កំហុសដែលបានប្រព្រឹត្តនិងបានធ្វើកិច្ចសន្យាឈប់បន្ត សកម្មភាពនេះបន្តទៀត និងបានអោយពួកគេធ្វើពលកម្មនៅអធិការរួចបានអញ្ជើញឪពុកម្តាយ អាណាព្យាបាលមកធានាយកទៅអប់រំនៅមូលដ្ឋានវិញ ចំណែកម៉ូតូទាំង០៣គ្រឿងបានដកហូតរក្សាទុករយៈពេល០៣ខែនៅអធិការផងដែរ។
ជាមួយគ្នានេះលោកវរសេនីយ៍ទោ ហេង បារំាង ក៏បានស្នើដល់យុវជនទាំងឡាយកុំយកគំរូតាមចំពោះសកម្មភាពមិនល្អនេះអោយសោះ ព្រោះសកម្មភាពនេះនាំអោយសង្គមស្អប់ខ្ពើម៕