ភ្នំពេញ៖
គួរឲ្យរន្ធត់! បុរសជានិស្សិតឆ្នាំទី១ម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង កើតហេតុភ្លាមៗ បន្ទាប់ពីមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបួងចង្កូតបត់ជ្រុលទៅ បុកម៉ូតូម៉ាកហុងដាឌ្រីមសង់ពីក្រោយ រួចកិនពីលើបុរសជាម្ចាស់ម៉ូតូពីលើ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២:២៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវ៩២ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
សពជនរងគ្រោះ ឈ្មោះ ជា រ៉ានុត ភេទប្រុស អាយុ ២០ មុខរបរនិសិត្សឆ្នាំទី១ ស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនកើតហេតុ គេឃើញបុរសរងគ្រោះជានិស្សិតឆ្នាំទីមួយម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1S-0970 ធ្វើដំណើរស្របគ្នានិងរថយន្តបង្ក តាមបណ្តោយផ្លូវលេខ៩២ ទិសដៅពីកើតមកលិច។
លុះពេលជិះមកដល់ចំណុចកើតហេតុផ្លូវភ្នំពេញហាណូយចំណុចស្តុប៩២ រាងបង្អង់ល្បឿន ស្រាប់តែត្រូវរថយន្តដឹកទំនិញធន់ធំមួយគ្រឿងពាក់ផ្លាកលេខ កំពង់ចាម 3A-6361 បើកបរដោយបុរសម្នាក់មកពីក្រោយស្របទិសគ្នា ពីកើតមកលិចបួងចង្កូតបត់បុកពីក្រោយម៉ូតូ បណ្តាលឲ្យដួល រួចកិនពីលើចំខ្លួនបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ចំណែកឯ តៃកុងរថយន្ដ ត្រូវបានសមត្ថកិច្ច ឃាត់យកទៅអធិការដ្ឋានខណ្ឌសែនសុខ សួរនាំបន្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ ។ ចំណែកឯ សពជនរងគ្រោះ ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕