ជនសង្ស័យម្នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន ខណៈប្រើហិង្សាលើក្រុមអ្នកអភិរក្សឆ្មាំទន្លេបណ្តាលអោយរងរបួស

National • June 09, 2025
ជនសង្ស័យម្នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន ខណៈប្រើហិង្សាលើក្រុមអ្នកអភិរក្សឆ្មាំទន្លេបណ្តាលអោយរងរបួស

ស្ទឹងត្រែង៖ 

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកបីនាក់ ដែលបានព្រួតគ្នាប្រើហិង្សាទៅលើឆ្មាំទន្លេ ខណៈចុះបង្ក្រាបបទល្មើសជលផល ក្នុងតំបន់ដែនអភិរក្ស ស្រុកសៀមបូក ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។

 

លោកស្រី សម វិចិត្រ បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមថុនា ឆ្នាំ២០២៥ មានក្រុមអ្នកនេសាទចំនួន ៣នាក់ បាននាំគ្នាយកច្រវ៉ាទូកវាយមកលើក្រុមអ្នកអភិរក្សឆ្មាំទន្លេ ខណៈពេលដែលក្រុមអ្នកអភិរក្សបានចុះទៅបង្រ្កាបអ្នកនេសាទខុសច្បាប់ទាំងនោះ ដែលកំពុងលួចទៅឆក់ត្រីក្នុងតំបន់ហាមឃាត់ការនេសាទត្រីគ្រប់រូបភាព ព្រោះជាតំបន់ដែលសត្វផ្សោតរស់នៅ។

លោកបន្តថា ការប្រតាយប្រតប់គ្នា បានធ្វើឲ្យទូកចំនួន ២គ្រឿងលិចបាត់ក្នុងទន្លេ និងចាប់បានអ្នកនេសាទខុសច្បាប់ម្នាក់ ចំណែក២នាក់ទៀតបានរត់រួចខ្លួន ខណៈពេលដែលកំពុងធ្វើការប្រតាយប្រតប់គ្នា។

ជនល្មើសម្នាក់ដែលឃាត់ខ្លួននោះឈ្មោះ លឿន ខាន ភេទប្រុស ជនជាតិខ្មែរ នៅភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រមទាំងដកហូតបានគ្រឿងញៀន១កញ្ចប់តូច ទូកឈើចំនួន ១គ្រឿង ប្រវែង៧ម៉ែត្រ ម៉ាស៊ីនម៉ាកHyundai កម្លាំង១៨សេស ចំនួន ១គ្រឿង(ធ្លាក់ចូលទន្លេ) អាគុយចំនួន ១គ្រឿង(ធ្លាក់ចូលទន្លេ) ក្បាលឆក់ចំនួន ១គ្រឿង(ធ្លាក់ចូលទន្លេ) ថ្នងសម្រាប់ដួសត្រីចំនួន ១គ្រឿង គ្រាប់កាំភ្លើងកែច្នៃចំនួន ១៤គ្រាប់ ខ្សែកាបប្រវែង៥ម៉ែត្រ និងខ្សែភ្លើងប្រវែង ១០ម៉ែត្រ ត្រីចម្រុះប្រមាណ ១០គីឡូក្រាម(សល់ពីលិច និងអណ្ដែតទឹក)។

យោងតាម មាត្រា២០ ចំណុច ១ នៃច្បាប់ស្តីពីជលផលដែលប្រកាសឲ្យប្រើនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ នឹងត្រូវផ្តន្ទាទោស តាមមាត្រា៩៨ ចំណុច៤ នៃច្បាប់ស្តីពីជលផល ដោយត្រូវដាក់ពន្ធនាគារពី៣ឆ្នាំ ទៅមួយ៥ឆ្នាំ និងវត្ថុតាងទាំងអស់ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕










x Enlarged Image