ការប្រឡងតំឡើងខ្សែក្រវាត់ និងការប្រកួតជ្រើសរើសសិស្សឆ្នើមប្រចាំសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ”នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសហការរវាងសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ និង ហាងលក់សម្ភារកីឡា ឌីកាត់ថ្លុង ក្នុងគោលបំណងដើម្បីអបអរសាទរគម្រប់ខួបនៃការបង្កើតសាលាគុនជារៀងរាល់ឆ្នាំ ស្វែងរកសិស្សពូកែ និងឆ្នើមប្រចាំសាលាគុននៅផ្សារទំនើបអ៊ីអនម៉លមានជ័យ។

លោកគ្រូ ឡាច ច័ន្ទដារ៉ា ប្រធានសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ បានមានប្រសាសន៍ថា ការប្រកួតជ្រើសរើសសិស្សឆ្នើមប្រចាំសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់” នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ នាពេលនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរគម្រប់ខួបនៃការបង្កើតសាលាគុនជារៀងរាល់ឆ្នាំ ស្វែងរកសិស្សពូកែ និងឆ្នើមប្រចាំសាលាគុន បង្កើតបរិយាសថ្មីសម្រាប់សិស្សានុសិស្ស ក្រៅពីការហ្វឹកហាត់ឲ្យខិតខំដុះខាត់សមត្ថភាពដើម្បីត្រៀមខ្លួនចូលរួមការប្រកួតនានាផ្ដល់ឱកាសដល់សិស្សានុសិស្សអាចបង្ហាញសមត្ថភាពតាមរយៈការប្រកួតលើកទឹកចិត្តសិស្សានុសិស្សឱ្យមានភាពក្លាហាន ហ៊ានជំនះភាពភ័យខ្លាច មានការតស៊ូ និងអត់ធ្មត់អនុញ្ញាតឱ្យសិស្សានុសិស្សអាចស្វែងយល់បន្ថែម និងទទួលបានបទពិសោធដោយផ្ទាល់អំពីដំណើរការ និងទិដ្ឋភាពនៃការចូលរួមការប្រកួត។

លោកប្រធានសាលាគុន សុរិយា បានបញ្ជាក់ថា ការប្រកួតនាថ្ងៃនេះ មានសិស្សចូលរួមសរុបចំនួន ៤៧នាក់ ក្នុងនោះស្រី ១១នាក់មកពីថ្នាក់ហ្វឹកហាត់នៅមជ្ឈមណ្ឌលយុទ្ធសិល្ប៍បុរាណ កម្ពុជា-ជប៉ុន (ក្នុងបរិវេណស្ដាតអូឡាំពិក) សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់ និងនៅហាងលក់សម្ភារកីឡា ឌីកាត់ត្លុង នៃផ្សារទំនើបអ៊ីអនម៉លមានជ័យនេះផ្ទាល់។ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំលឹកបន្ដិចអំពីប្រវត្តិសង្ខេបរបស់សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់។ ក្លឹបសុរិយា ដែលមានន័យថា “ព្រះអាទិត្យ” មានឈ្មោះល្បីល្បាញយូរលង់ណាស់មកហើយ ជាពិសេស គ្រូការ៉ាតេជាច្រើននៅកម្ពុជា ភាគច្រើនគឺជាសិស្ស នៃក្លិបសុរិយា។

លោកគ្រូ ឡាច ច័ន្ទដារ៉ា បានបន្ថែមថា តាមរយៈការសង្កេត និងឆ្លងកាត់នូវបទពិសោធផ្ទាល់ ការហ្វឹកហាត់ការ៉ាតេ ពិតជាមានប្រយោជន៍ជាច្រើន សម្រាប់ខ្លួនឯង និងសង្គមជាតិ។ ក្នុងនោះសម្រាប់ខ្លួនឯងផ្ទាល់ ការហ្វឹកហាត់ការ៉ាតេជួយពង្រឹងកាយសម្បទា និងផ្លូវចិត្តឱ្យរឹងមាំ មានភាពរហ័សរហួន មានភាពអំណត់ តស៊ូ និងមានការតាំងចិត្តខ្ពស់ក្នុងការបំពេញកិច្ចការ។ ជាមួយគ្នានេះ សិស្សានុសិស្សទាំងអស់ក៏បានឆ្លៀតពេលធ្វើលំហាត់ប្រាណដើម្បីសុខភាព ជាជាងយកពេលវេលាទៅអង្គុយលេងទូរស័ព្ទ ឬលេងហ្គេមផ្សេងៗដែលមិនផ្ដល់ប្រយោជន៍សោះ។ ចំណែកឯសម្រាប់សង្គមជាតិ ការហ្វឹកហាត់ការ៉ាតេ អាចផ្ដល់ឱកាសដល់អ្នកហ្វឹកហាត់ដែលមានសមត្ថភាពបានតំណាងជាតិចូលរួមការប្រកួតជាមួយបណ្ដាប្រទេសផ្សេងៗផងដែរ។

មុននឹងបញ្ចប់ សូមកូនៗដែលចូលរួមប្រកួតនាពេលបន្ដិចទៀតនេះ សូមខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ជាការពិតណាស់ ការប្រកួតមានចាញ់ មានឈ្នះ ដូច្នេះសូមកូនៗដែលមិនទទួលបានលទ្ធផលជ័យលាភី កុំមានការអាក់អន់ចិត្ត ត្រូវបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ និងដុះខាត់សមត្ថភាពបន្ដទៀត ដើម្បីទទួលបានឱកាសចូលរួមការប្រកួតនាឱកាសក្រោយៗទៀត៕