នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា ដើម្បីបញ្ចប់ជម្លោះគឺមានតែការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់តែប៉ុណ្ណោះ
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា លោកជឿជាក់ថា មានតែការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក អាយូតូឡា អាលី ខាមីនី (Ayatollah Ali Khamenei) ប៉ុណ្ណោះ នឹងអាច "បញ្ចប់ជម្លោះ" រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានច្រានចោលលើផែនការរបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីសម្លាប់លោក ខាមីនី។ គួរបញ្ជាក់ផងដែរថា អ៊ីស្រាអែលបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនលើទីតាំងកម្មវិធីនុយក្លេអ៊ែរ ទីតាំងមេបញ្ជាការយោធាកំពូលរបស់ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលៗជាច្រើនរូប និងបង្កការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ពន្ធ័ជាច្រើន។ ភ្លាមៗនោះ អ៊ីរ៉ង់បានធ្វើការឆ្លើយតបដោយបាញ់កាំជ្រួចមីស៊ីលរាប់រយគ្រាប់លើអ៊ីស្រាអែល ដែលជំរុញឲ្យស្ថានការណ៍បច្ចុប្បន្ននៅក្នុងតំបន់មជ្ឈឹមបូព៌ាកាន់តែធ្លាក់ទៅក្នុងភាពតានតឹង។