ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដឹកនាំដោយលោក គួច ឆៃយ៉ាង ជាអ្នកចាត់ការទូទៅក្រុម បានចូលរួមបរិច្ចាគឈាមរូមគ្នា ដើម្បីអបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត» ដែលរៀបចំនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម តាមបណ្ដោយផ្លូវ២៧១ ជាប់របងមន្ទីរពេទ្យរុស្សុី កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។

ថ្នាក់ដឹកនាំ ក្រុមកីឡាករ របស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ព្រមទាំងអ្នកគាំទ្រ ប្រមាណជាង៥០នាក់ បានរួមគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រកបដោយទឹកមុខស្រស់ស្រាយសប្បាយរិករាយ ក្នុងន័យដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ជាពិសេស ស្រ្តីកំពុងសម្រាលកូន ត្រូវការឈាមជាចាំបាច់ ដែលការសង្គ្រោះជីវិតម្ដងទៅ២នាក់ ឬលើសពីនាក់ម្ដាយនិងកូន ព្រមទាំងផ្ដល់ក្ដីសង្ឃឹម និងស្នាមញញឹមដល់គ្រួសារអ្នកជំងឺ ហើយការបរិច្ចាគឈាមបង្ហាញពីក្តីស្រឡាញ់ ក្តីសង្ឃឹមដល់អ្នកជំងឺ និងជាកុសល្យបុណ្យ។ ការផ្តល់ឈាម គឺជាការផ្តល់ថាមពលផ្លូវចិត្ត ភាពក្លាហាន អារម្មណ៍ល្អ ក្តីស្រឡាញ់ និងបង្ហាញពីភាពអត់ធ្មត់។

តួយ៉ាងសម្រាប់ការបរិច្ចាគឈាម គឺមិនប៉ះពាល់ដល់សុខភាពនោះទេ ហើយឈាម គឺជាឱសថដ៏ស័ក្តសិទ្ធិមួយក្នុងផ្នែកវេជ្ជសាស្រ្តទំនើប ដែលគ្មានរោងចក្រណាអាចផលិតបានទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីអំណោយឈាមរបស់មនុស្ស។

គួរំលឹកថា កាលពីអំឡុងខែមករាឆ្នាំ២០២៥កន្លងមក ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានចូលរួមបរិច្ចាគឈាមរួចមកហើយ ដើម្បីកៀគរការស្ម័គ្រចិត្តបរិច្ចាគឈាមជួយដល់សង្គម ពិសេសជនរងគ្រោះ ដែលកំពុងត្រូវការឈាមជារៀងរាល់ថ្ងៃ។

ចំណែកនៅថ្ងៃទៅ១៨ ខែកុម្ភៈឆ្នាំ២០២៥ កន្លងមកដែរនោះ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក៏ទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ដោយមានអ្នកចូលរួមបរិច្ចាគឈាមលើសពីការរំពឹងទុក ពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីមនុស្សធម៌ ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ថែមទៀតផង នៅមជ្ឈមណ្ឌលកីឡាកយោធពលខេមរភូមិន្ទ (ស្ដាតចាស់)  ។

យ៉ាងណាមិញ ចំពោះបេសកម្មបន្ទាប់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំការព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ "យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត" នៅសួនច្បារមុខព្រះរាជដំណាក់ និងការប្រកួតបាល់ទាត់មិត្តភាព នាទីលានបាល់ទាត់ SRU ផ្លូវក្រវ៉ាត់ក្រុងសៀមរាប នៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ រវាក្រុមបាល់ទាត់ពិធីការកីឡាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ រដ្ឋបាលខេត្តសៀមរាប ផងដែរ។