បទបញ្ជារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលហាមប្រាមពលរដ្ឋនៃប្រទេសចំនួន 12 មិនឲ្យជាន់ទឹកដីអាមេរិកនោះ បានចូលជាធរមានកាលពីថ្ងៃចន្ទ ទី9 ខែមិថុនា ម្សិលមិញនេះ។ ប្រទេសដែលរងផលប៉ះពាល់ដោយបទបញ្ជារថ្មីនេះ រួមមានប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន ខណៈដែលពលរដ្ឋដែលមកពីប្រទេសចំនួន 7 ផ្សេងទៀត ក្នុងនោះមានដូចជា ប្រទេសប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេហ្ស៊ុយអេឡា នឹងត្រូវហាមប្រាមដោយផ្នែក។ គួរបញ្ចាក់ផងដែរថា ការហាមឃាត់ការធ្វើដំណើរនេះ គឺជាគោលនយោបាយរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក ដែលដូចទៅនឹងចំណាត់ការកាលពីអាណត្តិដំបូងរបស់លោក ដែលបានហាមឃាត់អ្នកដំណើរពីប្រទេសចំនួន 7 ដែលភាគច្រើនកាន់សាសនាមូស្លីមនោះ។