ឯកឧត្តមឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងគណៈប្រតិភូសហព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារ:កីឡាមួយចំនួន ប្រគល់ជូនកងទ័ពប្រចាំការនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី នៅទីបញ្ជាការ គណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទឹកដីខេត្តព្រះវិហារ ដោយបានការទទួលស្វាគមន៍ពីឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការកងឯកភាពសមរភូមិទិសយោធភូមិភាគទី៤។
ឯកឧត្តមឧត្តមសេនីយទោ ខូវ ឆាយ បានប្រកាសពីគោលជំហរគាំទ្រដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។ ទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរ ឯកឧត្តមប្រធានមិនភ្លេចឡើយក្នុងការសម្តែងនូវការដឹងគុណដល់ទឹកចិត្តដ៏ហានក្លារបស់វីរៈកងទ័ព ដែលបានពលីនៅសមរភូមិជួរមុខ ហើយឯកឧត្តមប្តេជ្ញាធ្វើជាខឿនការពារជាតិដ៏រឹងមាំនៅសមរភូមិក្រោយ ហើយឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនកងទ័ពមេត្តាអត់ធ្មត់ និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទនៅតាមបន្ទាត់ព្រំដែន តាមរយៈយន្តការផ្សេងៗមានទាំងការទូតផង និងការប្រើប្រាស់កម្លាំងការពារទឹកដីផង ពិសេសឯកឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសគាំទ្រយ៉ាងខ្លាំងចំពោះការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីកាត់ក្តីលើសំណុំរឿងដ៏ក្តៅគគុគនេះ។
ជាចុងក្រោយ ឯកឧត្តម ខូវ ឆាយ តំណាងភាគីពាក់ព័ន្ធក្នុងវិស័យគុនខ្មែរទាំងមូលបានប្រកាសឧបត្ថមថវិកាចំនួន ២០លានរៀល អង្ករចំនួន ១០តោន មីចំនួន ១០០កេស ទឹកសុទ្ធចំនួន ២០០កេស ទឹកត្រីចំនួន ១០០យួរ និងទឹកស៊ីអ៊ីវចំនួន ១០០យួរ ជូនទៅដល់គណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ផងដែរ៕