បាត់ដំបង៖
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឡោមព័ទ្ធចាប់បានភ្លាមៗ ក្រោយរូបគេបានធ្វើសកម្មភាពស្ទាក់វាយនិងកាប់បុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលអោយស្លាប់ភ្លាមៗនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តជោតឹក ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធី ឈុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AO-9339 ចេញពីផ្ទះដើម្បីទៅទិញទឹកកកនៅក្បែររបងវត្ត ចំងាយពីផ្ទះប្រហែល១០០ម៉ែត្រ លុះពេលជិះត្រឡប់មកវិញ ក៏ត្រូវបានជនសង្ស័យឈ្មោះ ធឿន ខ្នា ភេទប្រុស អាយុ ៣៩ឆ្នាំ ដែលរស់នៅក្បែរគ្នា ដែលគេស្គាល់ថាជាមនុស្សបែកថ្នាំបានចេញមកមានទាំងដំបងនិងពូថៅវាយបណ្តាលអោយដួល និងបានកាប់ចិញ្រ្ចាំទាំងម៉ូតូនិងមនុស្សបណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ និងកម្លាំងផ្នែកជំនាញនៃ អធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ ដោយមានការសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹម សុង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានធ្វើការឡោមព័ទ្ធរហូតឃាត់ខ្លួនសង្ស័យខាងលើបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះត្រូវបាន កោសល្យវិច័យធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕