ពោធិ៍សាត់៖
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីឪពុកបង្កើត ខណៈកូនប្រុសរមើសគុណរូបនេះ ដាល់និងទាញកាំបិតតាំតោកាប់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ នៅគ្រាដែលឪពុក ស្ដីបន្ទោសរឿងផឹកស៊ី និងសុំលុយម្ដាយ ។
ហេតុការណ៍ខាងលើ បានកើតឡើង នៅវេលាល្ងាចថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះឪពុករងរបួស ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលប៉ុស្តិ៍ឲ្យដឹងថា ជនសង្ស័យដៃដល់ត្រូវកូនបង្កើត ឈ្មោះ ស៊ិន ទី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ.ឃុំកើតហេតុ ។ ចំណែកជនរងរបួសត្រូវជាឪពុកបង្កើតឈ្មោះ ឆឹង រិន អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅ ភូមិ.ភូមិ.ឃុំជាមួយគ្នា រងរបួស(រងកណ្ដាប់ និងរយាស់ខ្នងហូរឈាម)។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ ឲ្យដឹងបន្ថែមទៀតថា យោងការលើកហេតុផលពីឪពុក ដែលរងរបួសនោះ គឺមុនកើតហេតុ កូនប្រុសរមើសគុណរូបនេះ នាំមិត្តភ័ក្រផឹកស៊ីតាំងពីព្រឹក រហូតជិតដល់ល្ងាច ។ លុះមិត្តភ័ក្រត្រឡប់ទៅផ្ទះនៅឯខេត្តបាត់ដំបង បាត់អស់ កូនប្រុសរូបនេះបែរជារករឿងអ្នកផ្ទះ និងគំរាមសម្លាប់ គ្រានោះខ្លួន(ឪពុក)បានណែនាំអប់រំប៉ុន្តែមិនស្ដាប់ទេ ខ្លួន(ឪពុក)ក៍ដើរទៅចេញគោមកផ្ទះ ក៍ឃើញកូនរមើសគុណ(ស៊ិន ទី)សុំលុយម្ដាយ គាត់ក៍និយាយណែនាំបន្ថែម និងថាម៉ែចាស់ទៅរកលុយឯណាយកមកឲ្យឯង ស្រាប់តែហក់ មកដាល់គាត់ត្រូវច្រើនដៃ ថែមទាំងទាញកាំបិតតាំតោមកកាប់ ប៉ុន្តែគាត់គេចក៍ត្រូវបញ្ឆិតខ្នងបែបនេះ ខ្លួនក៍បានរាយការណ៍ទៅមេភូមិដំ១០០ មេភូមិ(១០០)បានរាយការណ៍ដល់កម្លាំងប៉ុស្ដិ៍នគរបាលត្នោតជុំ មកយកទៅសួរនាំ និងបន្តនីតិវិធី ៕