រាជធានីភ្នំពេញ ៖

ករណីអគ្គីភ័យ ភ្លេីងឆេះឃ្លាំងស្តុកសម្ភារៈក្នុងសិប្បកម្មផលិតពូកសាឡុងមួយកន្លែង បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងភ្ញាក់ពីដំណេករាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿង ចេញអន្តរាគមន៍បាញ់ពន្លត់ ហេតុការណ៍នេះស្ថិតនៅម្ដុំផ្លូវ៣៧១(សឡា) ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០៤:២៨នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះ។ 

ប្រជាពលរដ្ឋដែលរស់នៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ  ខណៈពេលកំពុងសម្រាកលង់លក់ ក៏ស្រាប់តែមានអ្នកជិតខាងស្រែកឆោឡោថា ភ្លេីងឆេះហេីយ ភ្លេីងឆេះឃ្លាំងហេីយ គាត់ក៏ភ្ញាក់ពីដំណេកចេញទៅមេីលឃេីញអណ្ដាតភ្លេីងក្រហមឡេីងដល់លេីដំបូលឃ្លាំងហេីយ គាត់ក៏បានផ្ដល់ព័ត៌មានទៅកាន់ Group ព័ត៌មានអគ្គីភ័យ របស់ការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានថតរូបភាព និងវីដេអូ រួចដាក់ផែនទី Location ទីតាំងកេីតហេតុ និងមានក្រុមការងារឆ្លេីយតបលឿនរហ័ស។ មួយសន្ទុះក្រោយមក    ឃេីញមានរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងបានមកដល់កន្លែងកេីតហេតុជាបន្តបន្ទាប់ និងបាញ់ពន្លត់រហូតអាចគ្រប់គ្រងបានទាំងតែម្ដង។ 

ហេតុការណ៍ អគ្គីភ័យឆាបឆេះនេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួស ឬអាយុជីវិតមនុស្សទេ ធ្វើឲ្យខូចខាតឃ្លាំងស្តុកសម្ភារ អស់ទាំងស្រុង ដែលសង់ឡេីងអំពី ដែកប្រក់សង្ក័សីជញ្ជាំងថ្ម ចំពោះមូលហេតុ សមត្ថកិច្ចមិនទាន់ដឹងនៅឡេីយទេ រងចាំផ្នែកជំនាញអគ្គីភ័យ ធ្វេីការស្រាវជ្រាវសិន ៕