លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួតកីឡាហែលទឹកវ័យចាស់បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដោយព្រឹត្តិការណ៍នេះគឺជាការបំផុសស្មារតីឱ្យមហាជនបានចូលរួមប្រកួតកីឡា និងលេងកីឡានេះ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ហែម គីរី កត់សម្គាល់ថា តាមរយៈការរៀបចំនេះ ជាការផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកស្រឡាញ់វិស័យកីឡាហែលទឹក ក្នុងគោលបំណងចង់ឱ្យកីឡាករ កីឡាការិនីចូលរួមហែលទឹក ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងជនជាតិកម្ពុជា និងមិត្តភក្ត្រជាជនបរទេស ដែលមកបំពេញការងារនៅកម្ពុជា។ អ្នកចូលរួមចង់ឱ្យសហព័ន្ធរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានកាន់តែច្រើន ដោយអាចផ្តល់ភាពសប្បាយរីករាយជូនដល់ពួកគាត់ ហើយក៏ជាកម្មវិធីប្រកួតប្រចាំឆ្នាំ ដើម្បីទទួលបានសុខភាពល្អ និងមិត្តភាពសាមគ្គីភាព។

លោក ហែម គីរី សង្កត់ធ្ងន់ថា ដូច្នេះការហាត់កីឡាជាប្រចាំ ការអនុវត្តលំហាត់ប្រាណជាប្រចាំនេះ គឺពិតជាអាចការពារ និងជួយដល់សុខភាពរបស់អ្នកលេងកីឡាទាំងអស់ឱ្យកាន់តែរឹងមាំ។ ការហាត់កីឡាហែលទឹកនេះមិនមានផលប៉ះពាល់ដល់រាងកាយយើងដូចជាប្រភេទកីឡាមួយចំនួននោះទេ ប៉ុន្តែការហាត់ហែលទឹកបានជួយធ្វើឱ្យសន្លាក់ ជង្គង់ ឬបញ្ហាកៀបឆ្អឹង កៀបសរសៃជាដើមនោះ បានល្អបំផុត។ ដូច្នេះក្នុងនាមជាអ្នកបច្ចេកទេសផ្នែកកីឡាហែលទឹក លោកបានលើកទឹកចិត្តដល់មហាជនចូលរួមហាត់កីឡាហែលទឹកជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ។ «អ្វីដែលយើងខ្ញុំ ក្នុងនាមជាអ្នកបច្ចេកទេស សូមផ្តាំផ្ញើដល់បងប្អូនដែលទៅហែលទឹក តាមទន្លេ ឬកន្លែងហែលទឹកសាធារណៈសូមពិនិត្យមើលលើការហែលទឹក ដើម្បីសុវត្ថិភាព។ ក្នុងនាមសហព័ន្ធ ជាអ្នកបច្ចេកទេស យើងខ្ញុំមានក្តីបារម្ភចំពោះការទៅហែលទឹក ដែលមិនមានសុវត្ថិភាព ដែលនេះជាគោលបំណងរបស់យើង ក្នុងនាមជាស្ថាប័នជាតិមួយ ដែលផ្តោតលើប្រភេទកីឡាហែលទឹក»។

គួរបញ្ជាក់ថា ការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៥ទទួលបានការចូលរួមពីកីឡាករ កីឡាការិនីតាមកម្រិតវ័យនីមួយៗសរុប ៣២នាក់។ ចំនួននេះបានកើនឡើងតិចតួច បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន ខណៈជនបរទេសដែលកំពុងប្រកបកិច្ចការនៅកម្ពុជាក៏កើនឡើងជាងឆ្នាំមុនដែរ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ និងជនបរទេសនឹងចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់នេះកាន់តែច្រើនបន្ថែមទៀត នាព្រឹត្តិការណ៍ក្រោយទៀត៕