ភ្នំពេញ៖
សពទារកម្នាក់ទើបតែកើតថ្មីៗត្រូវបានគេច្រកក្នុងថង់ខ្មៅហើយយកទៅបោះចោលនៅក្បែរ គំនរសំរាមបង្កឲ្យមានការភ្ញាក់ផ្អើលដល់ដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៥ នៅចំណុចផ្លូវលេខ៥៨៦ ខាងត្បូងផ្សារទួលគោក ក្រុមទី៥៩ ភូមិទី១៣ ក្នុងសង្កាត់បឹងកក់ទី ២ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាកសពទារកទើបតែកើតថ្មីៗ មានអាយុប្រមាណពី៨ខែទៅ៩ខែក្នុងផ្ទៃ កើតមកមិនទាន់គ្រប់ខែនៅឡើយ។
តាមអ្នករើសអេតចាយម្នាក់ បានឱ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ គាត់ បានឃើញមនុស្សស្រីម្នាក់ពាក់អាវដៃវែង ពណ៌ខ្មៅ ស្លៀកខោជើងវែង ពណ៌ខ្មៅ មានយួរស្បោង ពណ៌ខ្មៅមួយ បានមកអង្គុយក្បែរកន្លែងដាក់សំរាមដោយគាត់ពុំបានចាប់អារម្មណ៍ឡើយ។ លុះនៅវេលាម៉ោងប្រមាណ ៦និង ១០នាទីព្រឹកក៍ ប្រទះឃើញសពទារករូបនោះនៅលើកេសស្នោះក្បែរគំនរសំរាម។
បន្ទាប់ពីមានការភ្ញាក់ផ្អើល នគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុ រួចទាក់ទងទៅនគរបាលជំនាញដើម្បីចុះទៅត្រួតពិនិត្យ។ តាមការត្រួតពិនិត្យដោយលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថាសាកសពទារកស្លាប់នៅក្នុងផ្ទៃមុនសំរាល៕