ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាអាណត្តិចាស់ទទួលបានការគាំទ្រជាប្រធានសហព័ន្ធអាណត្តិថ្មី បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា ឯកឧត្តម និងសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់នឹងរួបរួមគ្នា ក្នុងការដឹកនាំប្រភេទកីឡាមួយនេះឱ្យបោះជំហានទៅមុខជានិច្ច មិនឱ្យដើរថយក្រោយឡើយ។

ការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តមបណ្ឌិតបានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ ទី៤ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិថ្មី ទី៥ ឆ្នាំ២០២៤-២០២៨ ដោយសមាជិកគណៈកម្មាធិការប្រតិបត្តិសរុប ៤១រូបទទួលបានការគាំទ្រផ្តល់សេចក្តីទុកចិត្តជាឯកច្ឆ័ន្ទ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តមបណ្ឌិត មាស សារិន បានប្តេជ្ញាចិត្តបន្ថែមថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តដំណើរការអភិវឌ្ឍន៍ឱ្យដល់ទិសដៅរបស់យើងដែលចង់បាន ជាពិសេសទិសដៅការប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍។ ប្តេជ្ញាជំរុញឱ្យប្រភេទកីឡាទាញព្រ័ត្រឱ្យកាន់តែមានប្រជាប្រិយភាព ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន តាមរយៈការរៀបចំការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកសមាគម នៅអង្គរវត្ត ចាប់ពីឆ្នាំ២០២៦តទៅ។ ប្តេជ្ញាជំរុញឱ្យប្រភេទកីឡាទាញព្រ័ត្រឱ្យចូលក្នុងសាលារៀនឱ្យបាន ដើម្បីបណ្តុះបណ្តាលធនធានថ្នាលយុវជនឱ្យបាន ពីព្រោះថាប្រភេទកីឡាណាក៏ដោយ បើគ្មានធនធានថ្នាលនោះទេ គឺមិនអាចរីកចម្រើនបានឡើយ។ ចាប់ពីឆ្នាំ២០២៦ តទៅ ស្នើប្រមូលផ្តុំពីក្រសួងអប់រំ យុវជន និងកីឡានូវក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំនួន ២២នាក់ ក្នុងនោះកីឡាករ ៩នាក់ និងកីឡាការិនី៩នាក់ និងគ្រូបង្វឹក គ្រូជំនួយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតតំណាងជាតិ ក្នុងការប្រកួតកីឡាទាញព្រ័ត្រអន្តរជាតិនានា នាពេលខាងមុខ។

បន្ថែមពីលើនេះ ប្រធានសហព័ន្ធមានប្រសាសន៍ទៀតថា យើងនឹងប្រឹងប្រែងរួបរួមសាមគ្គីគ្នា ក្នុងសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ដើម្បីពង្រឹងគុណភាពវិស័យកីឡាទាញព្រ័ត្រកម្ពុជាឱ្យដើរឆ្ពោះទៅមុខលឿនជាងអាណត្តិចាស់ៗកន្លងទៅ ជាពិសេសបានចូលរួមប្រកួតអន្តរជាតិឱ្យបានទៀងទាត់ ដែលកីឡាទាញព្រ័ត្រជាប្រភេទកីឡាប្រពៃណីវប្បធម៌ជាតិឱ្យទៅជាប្រភេទកីឡាទំនើប ខណៈកីឡាទាញព្រ័ត្រនេះត្រូវបានរៀបចំប្រកួតដល់កម្រិតពិភពលោកហើយ ប៉ុន្តែកម្ពុជាមិនទាន់ឈានដល់កម្រិតពិភពលោកនៅឡើយទេ។ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នានេះ ឯកឧត្តដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់នឹងបង្កើនសមត្ថភាព ការបណ្តុះបណ្តាល ដើម្បីបោះជំហានទៅមុខជានិច្ច។