ដូចដែលមហាជនបានជ្រាបស្រាប់ហើយថា មួយរយៈកន្លងមកនេះព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ បាននឹងកំពុងកើតមានបញ្ហាទំនាស់រវាងព្រំដែននឹងគ្នា រហូតបានធ្វើឱ្យកម្ពុជាដាក់ចេញនូវវិធានការមួយចំនួនដូចជា ហាមចាក់បញ្ចាំងភាពយន្តថៃទាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើផ្ទាំងក្រណាត់សតាមរោងកុនជាដើម។ ស្របពេលជាមួយគ្នានេះ លោក ថេក ផារ៉ាន់យូ (Tack Pharunyoo) ដែលជាតារានៅក្នុងប្រទេសថៃ និងជាតារាថៃទី ១ ផងដែរ បានធ្វើការបង្ហោះសារក្នុងន័យចំអកឱ្យកម្ពុជាយ៉ាងដូច្នេះថា លោកចង់ធ្វើពហិការដាក់ប្រទេសកម្ពុជាដែរ ប៉ុន្តែប្រទេសកម្ពុជាគ្មានអីឲ្យលោកពហិការនោះទេ។ បន្ថែមពីលើនេះ តារាប្រុសខាងលើក៏បានខំមិនថែមទៀតថា “មានអីគួរឲ្យពហិការទៅ រឿងភាគ ភាពយន្ត កម្មវិធី ផលិតផល អាហារ ទេសចរណ៍”។
យ៉ាងណាមិញ ក្នុងនាមលោកជាតារាប្រចាំប្រទេសថៃមួយរូប និងហ៊ានពោលពាក្យមាក់ងាយមកលើប្រទេសកម្ពុជាដូចដែលបានរៀបរាប់ខាងដើម ស្រាប់តែមានតារាខ្មែរមួយចំនួន បានចេញមកតបតផងដែរ ក្នុងនោះ អ្នកនាង សុគន្ធ នីសា បានបង្ហោះសារថា “ខ្ញុំមិនដែលគាំទ្រតារាថៃទេ ទទួលស្គាល់ថាពួកគេស្អាតៗ តែ ខ្ញុំស្អប់តាំងពីយូមកហើយព្រោះខ្ញុំឃើញក្រសែភ្នែកមើលងាយខ្មែរណាស់ រូបស្អាតតែចរិតអន់”។ ចំណែកឯ អ្នកនាង ពេជ្រ សោភា ពោលយ៉ាងដូច្នេះថា “ចរិកព្រៃ នេះហើយជាអ្វីដែលគេនិយាយដាក់ខ្មែរយើង ទទួលយកបានទេ? យើងគួរតែរៀនឈឺឱ្យយូរបន្តិច គេដៀលយើង តែយើងឆាប់ភ្លេច រូបស្អាតតែចរិកព្រៃ”។ មិនខុសពីរៀមច្បង កញ្ញា ឈិន រតនៈ ក៏បានតបតដូចគ្នាដែរថា “ខ្ញុំសុំនិយាយអារម្មណ៍ពិតមួយចុះ បេះដូងបងប្អូនខ្មែរយើងពិតជាធំទូលាយណាស់ ពេលតារាថៃមកម្តងៗយើងទទួលរាក់ទាក់គាំទ្រគេណាស់ ពេលគេជួបបញ្ហាយើងចូលរួមលើកទឹកចិត្តរំលែកទុកគេ ទាំងដែលគេមិនដែលចូលចិត្តយើងសោះ យើងមិនដែលគិតគេជាសត្រូវ ល្មមឈប់គាំទ្រតារាសៀមទៅ សៀមមិនដែលគាំទ្រតារាខ្មែរឬប្រជាជនខ្មែរយើងទេ គេមានតែក្រឡៃប្រវត្តិសាស្ត្រ លាបពណ៌ ញុះញង់ឱ្យកូនចៅគ្រប់ជំនាន់របស់គេស្អប់យើង”។
ក្រៅពីនេះ ក៏មានតារាខ្មែរមួយចំនួនទៀត និងសាធារណជនជាច្រើន បានបញ្ចេញមតិមិនពេញចិត្ត នឹងការប្រើប្រាស់ពាក្យសម្តីមើលងាយប្រទេសកម្ពុជា របស់តារាប្រុសថៃខាងលើនេះដូចគ្នាដែរ៕