ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេច ហ៊ុន ម៉ាណែត លើកទី២ ឆ្នាំ ២០២៥ នឹងមានការរៀបចំតាំងពិព័រណ៍បង្ហាញអំពីយុទ្ធគុន យុទ្ធោបករណ៍បុរាណខ្មែរ ព្រមទាំងមានការរៀបចំបង្ហាញការសាក់យ័ន្តបុរាណដូនតាខ្មែរ ដែលមានជាប់ទាក់ទងទៅនឹងយុទ្ធមន្ត និងក្បាច់គុនខ្មែរ លើសពីការប្រកួតលើកទី១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅពិធីបិទសិក្ខាសាលាស្តីអំពីបច្ចេកទេសមូលដ្ឋានយុទ្ធគុនចម្រុះ លើកទី១ វគ្គទី២ ថ្ងៃទី៣១ ឧសភា នៅសាលាកីឡាគុនធម៌។
បើតាមឯកឧត្តម វ៉ាត់ ចំរើន ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២ នឹងបង្ហាញមហាជនកាន់តែច្រើនថែមទៀត អំពីក្បួនក្បាច់យុទ្ធគុនចម្រុះបុរាណខ្មែរ យុទ្ធោបករណ៍ចម្បាំងបុរាណ និងការសាក់យ័ន្តបុរាណដូនតាខ្មែរ ដែលបានបន្សល់ទុក មានជាប់ទាក់ទងគ្នាក្នុងក្បួនខ្នាតក្បាច់គុនខ្មែរ។
កន្លងមក អគ្គលេខាធិការ NOCC ធ្លាប់បានអះអាងថា ការប្រកួតលើកទី២ នឹងមានការប្រកួតច្រើនជាងមុន ដោយបានបញ្ចូលវិញ្ញាសាការប្រកួតទម្រង់គុនខ្មែរ ចំបាប់បុរាណ និងវាយខែលបុរាណខ្មែរ ព្រមទាំងតាមបែបជនជាតិដើមភាគតិចកួយ លើសពីការប្រកួតត្រឹមយុទ្ធគុនចម្រុះកាលពីលើកទី១។
ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថាការប្រកួតយុទ្ធគុនចម្រុះខ្មែរលើកទី២ ដែលប្តូរទីតាំងមកធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងទទួលបានការគាំទ្រពីមហាជន អ្នកគាំទ្រកីឡាយុទ្ធគុនចម្រុះ និងអ្នកគុននិយមឱ្យមកទស្សនាច្រើនលើសលប់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់ចាស់ព្រឹទ្ធាចារ្យមានជំនាញលើក្បាច់គុនបុរាណខ្មែរមកពីគ្រប់ទិសទីនៃកម្ពុជា ឱ្យចូលរួមការប្រកួតបានកាន់តែច្រើន ដើម្បីជួយដល់គណៈកម្មាធិការចំពោះកិច្ច គ្រប់គ្រងលើការងារស្រាវជ្រាវគម្ពីយុទ្ធគុន យុទ្ធមន្ត បានសិក្សាស្រាវជ្រាវចងក្រងអំពីក្បាច់គុនបុរាណ និងយុទ្ធមន្តបុរាណខ្មែរ។
ដោយឡែកវគ្គសិក្ខាសាលាស្តីពីកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទីមួយ វគ្កទី២ នៅសាលាកីឡាគុណធម៌ មានសិក្ខាកាមជាគ្រូបង្វឹកតាមបណ្តាក្លិប អង្គភាពកងទ័ព និងកីឡាករគុននិយម ចំនួន៧០រូប បានបញ្ចប់វគ្គសិក្ខាសាលាដោយជោគជ័យ ហើយបានស្រូបយកចំណេះជំនាញ អំពីបច្ចេកទេសកីឡាគុនចម្រុះខ្មែរបុរាណកាន់តែស៊ីជម្រៅ ដើម្បីត្រៀមខ្លួនបង្វឹកទៅកាន់កីឡាករ កីឡាការិនីក្នុងក្លិបនីមួយៗ សម្រាប់ព្រឹត្តិការណ៍ពេលខាងមុខ។
គោលបំណងសំខាន់ៗ ក្នុងវគ្គសិក្សាស្តីពីយុទ្ធគុនចម្រុះខ្មែរបុរាណលើកនេះ រួមមាន ការបញ្ជ្រៀបបច្ចេកទេសមូលដ្ឋានគ្រឹះមុតស្រួចក្នុងកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ការបញ្ជៀបបច្ចេកទេសការប្រើប្រាស់កម្លាំងកាយក្នុងយុទ្ធគុនចម្រុះ ឱ្យកាន់តែមានភាពខ្លាំងក្លារឹងមាំ និងការពង្រឹងអំពីរបៀបផ្ទេរចំណេះដឹង ពីគ្រូបង្វឹកទៅកីឡាករ កីឡាការិនី។
ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេច ហ៊ុន ម៉ាណែត លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី២៧-៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕