កំពង់ស្ពឺ៖ 

បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់បុរសម្នាក់ទៀតជាជនរងគ្រោះ ខណៈដែលទាស់ពាក្យសម្តីគ្នាជេរប្រមាថនូវពាក្យអសុរោះ ទប់កំហឹងមិនបានទាញកាំបិតកាប់បែកក្បាលតែម្តង។

ហេតុការណ៍ទាស់ពាក្យសម្តីក្លាយជាហិង្សាដោយចេតនានេះ ឈានដល់ការឃាត់ខ្លួនជនដៃដល់បាន កាលពីវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិយស់ជោ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថា ជនសង្ស័យដៃដល់ ដែលយកកាំបិតកាប់ជនរងគ្រោះបែកក្បាល មានឈ្មោះ ស៊ុន ធី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិយស់ជោ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ មានឈ្មោះ ខាន់ ចាន់រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិយស់ជោ ឃុំខ្ទុំក្រាំង  ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសបែកក្បាលដេរជាច្រើនថ្នេរ។

នគរបាលស្រុកសំរោងទង បានបន្តថា នៅមុនពេលឈានដល់ឃាត់ខ្លួនជនដៃដល់បាន គឺជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងពីឈ្មោះ ស៊ុន ធី ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិជាមួយគ្នា ពីបទហិង្សាដោយចេតនា។ ដោយកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះស៊ុន ធី បានដើរចូលមកក្នុងដីឡូត៍ផ្ទះរបស់ខ្លួន (ឈ្មោះ ខាន់ ចាន់រ៉ា )។ បន្ទាប់មក បានទាស់ពាក្យសម្ដីជាមួយគ្នា ពេលនោះស្រាប់តែឈ្មោះស៊ុន ធី បានទៅយកកាំបិតផ្គាក់ និងកាំបិតចិតបន្លែ ធ្វើសកម្មភាពកាប់មកលើខ្លួនត្រូវចំក្បាលបណ្តាលឱ្យរងរបួស ហើយ សាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ដេរជាច្រើនថ្នេរ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកសំរោងទងសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់៕