វិញ្ញាសា៤២គីឡូម៉ែត្រក្នុង ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៥ ទទួលបានអ្នកចុះឈ្មោះជាជនជាតិខ្មែរ ដល់ទៅប្រមាណ ៥០០ ទៅ ៦០០នាក់ ពោលគឺច្រើនជាងជនជាតិផ្សេងៗទៅទៀត ខណៈជនបរទេសមានត្រឹមខ្ទង់ ២០០ នាក់។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា វត្តមានដ៏ច្រើនពីអ្នកនិយមកីឡារត់ ជនជាតិខ្មែរលើវិញ្ញាសា full marathon បែបនេះបានបង្ហាញពីសុខភាពបេះដូងដ៏ល្អ របស់ប្រជាពលរដ្ឋ ក៏ដូចជាចំណង់ចំណូលចិត្តកាន់តែកើនឡើងលើការរត់ផ្លូវឆ្ងាយ។ 

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៥ និងជាឆ្នាំទី១០ផងនោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែសីហា ក្នុងខេត្តសៀមរាប។សម្រាប់ចំនួនអ្នកចុះឈ្មោះចូលរួម មានប្រមាណ ៣០០០នាក់ ហើយគណៈកម្មការរៀបចំ រំពឹងអាចឈានដល់ ៤០០០ ទៅ ៥០០០នាក់ បន្ទាប់ពីឆ្នាំ២០២៤ មានអ្នកចូលរួម ២៨០០នាក់។ ជនជាតិចិន ជាអ្នកនាំមុខគេក្នុងនាមអ្នករត់ជាជនបរទេស តាមពីក្រោយដោយជនជាតិជប៉ុន ម៉ាឡេស៊ី ចិនតៃប៉ិ និង ចក្រភពអង់គ្លេស។ ទាក់ទងទៅនឹងចំនួនចូលរួមច្រើនពីជនជាតិចិននេះត្រូវបាន ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់ថា ដោយសារមានការចុះអនុស្សារណៈយោគយល់រវាង គណៈកម្មការរៀបចំម៉ារ៉ាតុងកម្ពុជា និង ខេត្តយូណាន ទើបមានការសម្រួលឱ្យចូលរួម។ ជាមួយគ្នានោះ ក្នុងថ្ងៃរត់ជាផ្លូវការ ក៏នឹងមានវត្តមាន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ចូលរួមដែរ។ ឯកឧត្ដមសង្ឃឹមថា ប៉ុន្មានឆ្នាំទៅមុខទៀត នឹងអាចស្រូបទាញបានអ្នករត់ជនជាតិចិន យ៉ាងហោច ៥០០០នាក់។

ជុំវិញគោលបំណងសំខាន់ នៃ ការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ គឺជួយជំរុញសន្ទុះទេសចរណ៍អំឡុង រដូវវស្សា ឬ Green Season ដែលមិនសូវសម្បូរភ្ញៀវទេសចរ។ ដូច្នេះគណៈកម្មការរៀបចំសង្ឃឹមថា ប្រសិនបើទទួលបានអ្នកចូលរួមរត់ដល់ទៅខ្ទង់ ៤០០០ទៅ ៥០០០នាក់ដូចការរំពឹងមែននោះ នឹងអាចជួយបានច្រើនដល់ ទេសចរណ៍ ក្នុងខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏ជួយជាសកម្មភាព សប្បុរសធម៌ ជួយដល់ មន្ទីរពេទ្យនានាផងដែរ។

លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំ ការប្រកួតម៉ារ៉ាតុងនៅកម្ពុជា ក៏បានអំពាវនាវ ឱ្យមានការចូលរួមចុះឈ្មោះ និងផ្សព្វផ្សាយអោយបានច្រើនពី ព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ ព្រោះនឹងមានការតាមដានដោយ គណៈកម្មាធិការម៉ារ៉ាតុងអន្តរជាតិ ដែលកម្ពុជាក៏ជាសមាជិកមួយក្នុងចំណោមសមាជិកទាំង១១២ប្រទេសដែរ៕