សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកង ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មន្ត្រីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានឱ្យដឹងថា ក្រោមការរៀបចំសហព័ន្ធ ការប្រកួតនេះប្រើប្រាស់កញ្ចាប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង ដោយដាក់ឱ្យប្រកួតប្រជែងលើ៦ប្រភេទកីឡាទូក និង១៣វិញ្ញាសា មានដូចជា៖ ១.ទូកប្រណៃណី ទូកងចំណុះ២២នាក់ ខ្នាតអន្តរជាតិផ្នែកបុរស ប្រកួតលើវិញ្ញាសា៨០០ម៉ែត្រ។ ២. ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ចំណុះ១២នាក់ បុរស-នារី ប្រកួតលើ២វិញ្ញាសា ចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាចម្ងាយ២០០ម៉ែត្រ បុរស-នារី។ ៣.ប្រភេទទូកផ្កាចារខ្នាតអន្តរជាតិ ចំណុះ៥នាក់ បុរស-នារី ចម្ងាយ២០០ម៉ែត្រ។ ចំពោះប្រភេទកីឡាទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង មានទាំងបុរស និងនារី មានវិញ្ញាចម្ងាយ២០០ម៉ែត្រ ទូកកានូ C1 វិញ្ញាសាចម្ងាច២០០ម៉ែត្រទូកកាយ៉ាកK1 និងវិញ្ញាសាចម្ងាយ៨០០ម៉ែត្រទូករ៉ូអ៊ីង 1X។
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានជម្រាបដល់ឯកឧត្តម លោកជំទាវប្រធានសមាគមកីឡាប្រណាំងទូកទូទាំងរាជធានី-ខេត្តទាំងអស់រួសរាន់ដាក់ពាក្យចូលរួមការប្រកួតនេះឱ្យបានទាន់ពេលវេលា ដោយត្រូវបិទបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានេះចំពោះសាធារណជនទាំងអស់ ដែលមានក្រុមចំណុះទូក ហើយមានបំណងចង់ចូលរួមការប្រកួតដែរនោះ ក៏អាចដាក់ពាក្យចូលរួមប្រកួតបានផងដែរ។ រាល់ការចំណាយលើការស្នាក់នៅ-ហូបចុក និងថ្លៃធ្វើដំណើរជាបន្ទុករបស់សាមីក្រសួង មន្ទីរ រាជធានីខេត្តទាំងអស់ ដែលបានចូលរួម៕