បន្ទាយមានជ័យ៖
ច្រកព្រំដែនកម្ពុជា.ថៃ ចំនួន៤ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យត្រូវបានយោធាថៃបិទទាំងស្រុងដោយឯកតោភាគី ដែលមានអាជីវករជាប់គាំងនៅក្នុងផ្សាររោងក្លឿរាប់រយនាក់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
អាជីវករផ្សាររោងក្លឿ បានបញ្ជាក់ថា៖នៅពេលនេះ កម្មករ និងអាជីវករនៅផ្សាររោងក្លឿមួយចំនួនធំ បានចូលមកកម្ពុជាវិញអស់ហើយ នៅឡើយតែអាជីវករមួយចំនួនដែលគាត់មិនមានផ្ទះនៅក្រុងប៉ោយប៉ែត គាត់ត្រូវស្នាក់នៅជាប្រចាំនៅក្នុងផ្សាររោងក្លឿ គឺមានរាប់រយនាក់ ហើយយោធាថៃ បានប្រកាសថា នឹងបើកឲ្យអាជីវករចូលមកកម្ពុជានៅម៉ោង១៧.០០ និងបិទនៅម៉ោង២០.០០។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ធកាល័យសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ ពេលនេះថៃ បានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទាំងស្រុង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយឯកតោភាគី អាជ្ញាធរក្រុង/ខេត្ត មន្ត្រីជុំវិញច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល បានកំពុងពិភាក្សាជាមួយភាគីថៃដើម្បីឲ្យអាជីវករខ្មែរដែលជាប់គាំងនៅផ្សាររោងក្លឿងចូលមកកម្ពុជាឲ្យអស់។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ រហូតដល់ម៉ោងនេះ អាជ្ញាធរក្រុង/ខេត្ត និងមន្ត្រីជុំវិញច្រក រួមទាំងក្រុមការងាររាជរដ្ឋាភិបាលត្រៀមរៀបចំយាន្តជំនៈដើម្បីជួយសម្រួលដល់អាជីវករខ្មែរដែលត្រូវចូលមកខាងកម្ពុជាឲ្យអស់ និងសំនូមពរដល់ប្រជាពលរដ្ឋអាជីវករ កុំមានការជ្រួលច្របល់ សូមទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកលើបងប្អូនប្រជាពលរដ្ឋជានិច្ច។
សូមបញ្ជាក់ថា៖នៅក្នុងភូមិសាស្រ្តបន្ទាយមានជ័យ មានច្រកព្រំដែនកម្ពុជា.ថៃចំនួន៤ គឺច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន និងច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ៕