អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ ទី 24 ខែមិថុនាថា អ៊ីស្រាអែលកំពុងបន្តរំលោភលើបទឈប់បាញ់ដើម្បីបញ្ចប់សង្គ្រាមរយៈពេល 12 ថ្ងៃមួយនេះ ដោយជំរុញឲ្យមានការឆ្លើយតប ប្រសិនបើការវាយប្រហារនៅតែបន្ត។ អ្នកនាំពាក្យ លោក អ៊ីប្រាហ៊ីម ហ្សូហ្វាហ្គារី  (Ebrahim Zolfaghari) បានបន្តថា "របបឈ្លានពាននេះ បានរំលោភលើដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់ដោយយន្តហោះគ្មានមនុស្សបើក ដោយបានកំណត់គោលដៅ និងវាយប្រហារតំបន់មួយចំនួន"។ មុននេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្តីបន្ទោសភាគីជម្លោះទាំងពីរចំពោះការរំលោភលើបទឈប់បាញ់ ដែលលោកបានប្រកាស ដោយបានរិះគន់ជាពិសេសលើអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ជុំវិញទំហំនៃការវាយប្រហារ។ យ៉ាងណាមិញ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល លោក អ៊ីយ៉ាល់ ហ្សាម៊ែរ (Eyal Zamir) បានបញ្ជាក់ថា បច្ចុប្បន្ន យោធាអ៊ីស្រាអែល កំពុងស្ថិតក្នុង "ជំហានដ៏សំខាន់ថ្មីមួយ ដោយផ្តោតការយកចិត្តទុកដាក់លើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ប៉ុន្តែយុទ្ធនាការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅមិនទាន់ចប់នោះទេ"។