ភ្នំពេញ៖ 

រថយន្តម៉ាកតូយ៉ូតា មិនចាំស្លាកលេខកាមរី១គ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយ វ៉ាជែងរថយន្តនៅខាងមុខចូលទៅចំណែកផ្លូវម្ខាងទៀត រួចជ្រុលទៅបុកអ្នកជិះ២នាក់ប្ដីប្រពន្ធម៉ូតូពេញទំហឹង បណ្ដាលឲ្យស្រ្តីជាប្រពន្ធ រងរបួសធ្ងន់បាក់ជើង និងបុរសជាប្ដីរបួសស្រាល បន្ទាប់មក រថយន្តបង្ក បានបើកគេចបាត់ស្រមោល ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ៤២ ស្ថិតនៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តកាមរី   ពណ៌ស អត់ចាំស្លាកលេខ ១គ្រឿង បើកបរធ្វើដំណើរក្នុងទិសពីលិចទៅកើត ហើយបាន វ៉ាជែងរថយន្តនៅខាងមុខចូលទៅចំណែកផ្លូវម្ខាងទៀត ។ ពេលនោះ ក៏ជ្រុលទៅបុកជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធដែលកំពុងជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1Y-8613 ក្នុងទិសដៅពីកើតទៅលិចពេញទំហឹងតែម្ដង ។

ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ខណៈនោះ បានបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់បាក់ជើង និងប្ដីរបួសស្រាល បន្ទាប់មក រថយន្តបង្កហេតុខាងលើនោះ បានបន្ថែមល្បឿនកាន់តែលឿនគេចបាត់ស្រមោល ដោយបន្សល់ទុកនៅកញ្ចក់មើលក្រោយដែលដាច់ជ្រុះនៅទីនោះប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ ក្រុមសង្រ្គោះអង្គភាព៧១១ បានទៅដឹកយកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូបានផ្ញើរទុកបណ្ដោះនៅផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនោះ ៕