កាលពីថ្ងៃអង្គារ ទី10 ខែមិថុនា អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្កាវិន ញ៉ូសំា (Gavin Newsom)បានប្រកាសថ្កោលទោសលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការដាក់ពង្រាយទាហានម៉ារីន និងកងកម្លាំងការពារជាតិទៅកាន់ទីក្រុង ឡូស អេនជឺឡែស ដោយហៅសកម្មភាពនេះថា ជាការបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើង។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ លោក ញ៉ូសាំ បានចោទប្រកាន់លោកប្រធានាធិបតី ត្រាំ ថាបានធ្វើការសម្រេចចិត្តតដោយគ្មានឆ្លងកាត់អាជ្ញាធររដ្ឋ មិនពិគ្រោះជាមួយមេដឹកនាំអនុវត្តច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា ដាក់ពង្រាយកងកម្លាំងដោយខុសច្បាប់ និងគ្មានហេតុផល ដែលនេះ ជាការរំលោភលើអំណាច និងបញ្ឆេះស្ថានការណ៍កាន់តែខ្លាំង។ គួរបញ្ជាក់ផងដែរថា បាតុកម្មបានផ្ទុះឡើងនៅក្នុងទីក្រុង ឡូស អេនជឺឡែស ចាប់តាំងពីថ្ងៃសុក្រ ទី6 ខែមិថុនាមក គឺនៅពេលដែលភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ ចាប់ផ្តើមប្រតិបត្តិការ ស្វែងរក និងចាប់ខ្លួនជនអន្តោប្រវេសន៍ជាបន្តបន្ទាប់នៅក្នុងទីក្រុង។
