ក្រុមបាតុករប្រឆាំងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយ បានបន្តធ្វើបាតុកម្មក្នុងថ្ងៃទីបីរបស់ពួកគេ ដោយបានដុតបំផ្លាញរថយន្ត វេមូ (Waymo) អំឡុងពេលនៃការតវ៉ា ក្នុងទីក្រុង ឡូសអែនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី8 ខែ មិថុនា។ ក្រុមហ៊ុនរថយន្តតាក់ស៊ី វេមូ គឺជាក្រុមហ៊ុនតែមួយគត់របស់សហរដ្ឋអាមេរិក ដែលដំណើរការសេវាកម្មរថយន្តតាក់ស៊ីគ្មានមនុស្សបើក។ ក្រុមហ៊ុននេះ មានយានជំនិះប្រមាណ 1500 គ្រឿងផ្តល់សេវាកម្មជារៀងរាល់ថ្ងៃនៅលើផ្លូវឆ្លងកាត់ទីក្រុង សេន ហ្វេ្រនស៊ីស្កូ (San Francisco) ឡូសអែនជឺឡេស (Los Angeles) ហ្វីនិច (Phoenix) និងរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក ដោយផ្តល់សេវាកម្មតាក់ស៊ីប្រមាណ 250.000 ជើងក្នុងមួយសប្តាហ៍។ បន្ទាប់ពីការដុតបំផ្លាញនេះ អាជ្ញាធរក្នុងទីក្រុង ឡូសអែនជឺឡេស បានចាប់ខ្លួនមនុស្សប្រមាណ 30 នាក់។ គួរបញ្ជាក់ផងដែរថាកងកម្លាំងការពារជាតិរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុង ដើម្បីបង្ក្រាបក្រុមបាតុកម្មដែលធ្វើបាតុកម្មជុំវិញការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។