ភ្នំពេញ ៖ 

ដោយសារភ្លើងប្រច័ណ្ឌ! បុរសអ្នកលក់មាសម្នាក់ បានវាយប្រពន្ធរបស់ខ្លួននិងដែកសោចង្កូតរថយន្ត បណ្ដាលឲ្យរបួសធ្ងន់ដួលដេកនៅក្នុងថ្លុកឈាម ហើយ បុរសនោះស្មានថាប្រពន្ធស្លាប់ហើយ ក៏បានរត់ទៅចងកសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតខ្លួនឯង ។

ហេតុការណ៍ខាងលើ បានកើតឡើងនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ដោយបានបង្កឲ្យមានការភ្ញាក់ផ្អើលលើកទី១ នៅវេលាម៉ោងជាង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ និងលើកទី២ ភ្ញាក់ផ្អើលម្ដងទៀតនៅវេលាម៉ោង៥ព្រឹកថ្ងៃដដែល បន្ទាប់ពីអ្នកភូមិដើរហាត់ប្រាណប្រទះឃើញបុរសនេះចងកជាប់ជាមួយដើមលាភ១ដើម ស្ថិតនៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ចម្ងាយជាង១០០ម៉ែត្រពីផ្ទះគាត់ ។

បុរសខាងលើ ឈ្មោះសៀរ នី អាយុ៥៥ឆ្នាំ ចំណែកប្រពន្ធឈ្មោះសុខ ហេង អាយុជាង៤០ឆ្នាំ មុខរបរលក់មាសនៅក្នុងផ្សារបុរីសន្តិភាព២ និងមានទីលំនៅក្នុងភូមិកើតហេតុខាងលើនោះដែរ ។ 

មិត្តភក្ដិរបស់បុរសជាប្ដី បាននិយាយថាបុរសនេះ មានប្រពន្ធ២ ដោយប្រពន្ធទី១និងកូន ៗរស់នៅឯបរទេស ចំណែកគាត់រស់នៅស្រុកខ្មែរ ក៏បានយកប្រពន្ធខាងលើម្នាក់ទៀត។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុនិងបានរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យសាសាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ ហើយរកឃើញថាបុរសនេះពិតជាស្លាប់ដោយចងកមែន ៕