កំពង់ស្ពឺ៖
ផ្ទះមួយខ្នងធ្វើអំពីឈើដំបូប្រកក្បឿង ត្រូវបានភ្លើងឆេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ជួយអន្តរាគមន៍ពន្លត់ទាន់ពេល ខណៈដែលលោកកូនចិត្តភ្លើងឃ្លានបាយខ្លាំងពេក ហើយ ខឹងនឹងឪពុកម្តាយមិននៅផ្ទះទៅធ្វើការងារអស់ យកដែកកេះដុតផ្ទះផ្អើលឈុលតែម្តង។
ហេតុការណ៍កូនឃ្លានបាយខ្លាំងពេកគ្មានអីហូបដុតផ្ទះខ្លួនឯងភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងត្រយឹង ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថាជនដៃដល់ ដុតផ្ទះខ្លួនឯងេះ មានឈ្មោះ សាំង តុលា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំត្រយឹង ឃុំពោធិចំរើន ស្រុកបសេដ្ឋ បានយកដែកកេះ ពណ៌ក្រហម០១ដើម ធ្វើសកម្មភាពដុតផ្ទះរបស់ម្តាយមានឈ្មោះ កប បាន់ អាយុ៤៨ ឆ្នាំ រស់នៅភូមិ~ឃុំខាងលើ ។
នគរបាលស្រុកបសេដ្ឋ បាននិយាយបន្តថា បានជាជនដៃដល់ជាកូនបង្កើតដាច់ចិត្តដុតផ្ទះចោលនោះ គឺនៅពេលដែលជនសង្ស័យឈ្មោះសាំង តុលា នៅផ្ទះតែម្នាក់ឯង ហើយលោកឪពុកអ្នកម្តាយ ចេញទៅធ្វើការងារនៅក្នុងរោងជ្រូកដូចសព្វមួយដង បណ្តាលឱ្យឆេះផ្ទះទំហំ ៦ម៉ែត្រគុណនិង៧ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿង ឆេះអស់ប្រហែល២៥ភាគរយ និងឆេះសំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ប៉ុន្តែសំណាងល្អ បានប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ពន្លត់ទាន់ពេល។
ជាមួយគ្នានេះ នៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃដដែល កំលាំងជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យដៃដល់ជាកូនបង្កហេតុ និងដកហូតវត្ថុតាង ដែកកេះពណ៌ក្រហម០១ដើម យកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋផងដែរ។
នគរបាលស្រុកបសេដ្ឋ បានបញ្ជាក់បន្ថែមទៀតថា ចំពោះជនសង្ស័យដៃដល់ឈ្មោះ សាំង តុលា នេះ ជាមនុស្សមានចរឹកកាចសាហាវធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយតែងតែវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងបង្ករការអុកឡុកក្នុងមូលដ្ឋានជាញឹកញាប់ណាស់៕