កីឡាប្រដាល់គុនខ្មែរ បាន និងកំពុងបន្តទទួលបានការគាំទ្រច្រើនឡើងៗ។ ប្រជាប្រិយភាព របស់គុនខ្មែរ ជាហេតុធ្វើឱ្យអ្នកប្រដាល់ជំនាន់មុនមួយចំនួន មកបង្ហាញវត្តមានប្រកួតលើសង្វៀនសាជាថ្មី។ អ្នកប្រដាល់ដែលបានឡើងសង្វៀនវិញមានដូចជា កីឡាករ ស សី, ឡឹក វិបុល, នួន ភារម្យ, អូត ភូថង, ក្រាក់ សម្ភស្ស ជាដើម។ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គាំទ្រចំពោះស្ថានីយ៍ និងសង្វៀននានា ដែលបានរៀបចំឲ្យមានគូប្រកួតសម្រាប់ អ្នកប្រដាល់ជំនាន់មុនទាំងនោះ។ តែយ៉ាងណា ឯកឧត្តម ខូវ ឆាវ ស្នើឱ្យស្ថានីយ៍ និងសង្វៀនប្រដាល់ រៀបចំការគូប្រកួតរវាងកីឡាករ ឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា។

នៅពេលនិយាយពីវិស័យកីឡាប្រដាល់គុនខ្មែរ ចាប់ពីអំឡុងឆ្នាំ១៩៩០ រហូតមកដល់ឆ្នាំ២០១០ អ្នកគាំទ្រជាច្រើន នឹងស្រមៃឃើញអ្នកប្រដាល់ជំនាន់នោះ សុទ្ធតែមានក្បាច់ និងបច្ចេកទេសល្អ។ អ្នកប្រដាល់ទាំងនោះ មានដូចជា អេ ភូថង, អូត ភូថង, នួន ភារម្យ, នួន សុរិយា, ជ័យ កុសល, ក្រាក់ សម្ភស្ស, បឺត ខាំ, សែន រ៉ាឌី ជាដើម។ បច្ចុប្បន្នកីឡាករប្រដាល់ជើងចាស់ទាំងនោះ មានអាយុចន្លោះ៤០ឆ្នាំ ដល់៥០ឆ្នាំទៅហើយ។

ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកប្រដាល់ជំនាន់មុនមួយចំនួននោះ បានបង្ហាញវត្តមានជាថ្មី បន្ទាប់ពីបាត់មុខពីសង្វៀនប្រកួត រយៈពេល១០ឆ្នាំជាង។ ដោយសារវ័យកាន់តែចាស់ផង និងខានប្រកួតយូរឆ្នាំផង ការប្រកួតរបស់អ្នកទាំងនោះ ច្បាស់ជាមិនសូវល្អមើលដូចកាលពីជំនាន់ពួកគេនៅក្មេងឡើយ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គាំទ្រចំពោះស្ថានីយ៍ និងសង្វៀនប្រដាល់នានា ដែលបានផ្ដល់ឱកាសទៅអ្នកប្រដាល់ជំនាន់មុនទាំងនោះឡើងមកប្រកួតវិញ ដោយយល់ឃើញថា ប្រជាប្រិយភាព និងតម្លៃខ្លួននៃការឡើយប្រកួត អាចជួយសម្រួលជីវភាពប្រចាំថ្ងៃកីឡាករបានខ្លះ។ តែយ៉ាងណាប្រធានសហព័ន្ធរូបនេះ សំណូមពរឲ្យសង្វៀនទាំងនោះ រៀបចំការប្រកួតសម្រាប់អ្នកប្រដាល់ជំនាន់មុន គ្រាន់តែជាការរំឭកទៅដល់ភាពឆ្នើម ក្នុងនាមជាកីឡាករប្រដាល់គុនខ្មែរ ហើយមិនផ្ដោតទៅលើតែលទ្ធផលឈ្នះ-ចាញ់ជាធំ។

ក្រៅពីនេះ ឯកឧត្តម ខូវ ឆាយ ក៏សំណូមពរឲ្យស្ថានីយ៍ និងសង្វៀន ដែលជាដៃគូសហការ ឱ្យរៀបចំចាប់គូប្រកួតកីឡាករជំនាន់មុនទាំងនោះ ជាមួយនឹងដៃគូ ដែលមានកម្រិតប្រហាក់ប្រហែល ឬស័ក្តិសមគ្នា។

ឯកឧត្តម ខូវ ឆាយ ពន្យល់ថា កីឡាករកម្ពុជា ដែលចាត់ទុកថា ជា Legend គឺមានខ្លះមានវ័យឈានដល់ ៤០ ឬ ៥០ឆ្នាំ ហើយចាប់គូវាយជាមួយ អ្នកមានអាយុម្ភៃឆ្នាំជាង គឺប្រកដណាស់ពួកគេ នឹងវាយមិនឈ្នះក្មេងៗឡើយ ដោយសារតែកម្លាំងថមថយ និងមិនមានភាពធន់។