អគារខ្ពស់ៗ និងហាងនានានៅក្នុងទីក្រុង តែល អាវីហ្វ របស់អ៊ីស្រាអែល បានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី19 ខែមិថុនា ខណៈដែលការប្រយុទ្ធគ្នារវាងសត្រូវចាស់ទាំងពីរនេះ បានឈានចូលដល់ថ្ងៃទី 7 ហើយ។ មួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសកម្ទេចទីតាំងកម្មវិធីនុយក្លេអ៊ែរ ទីតាំងយោធា និងសម្លាប់មេដឹកនាំកំពូលជាច្រើនរូបរបស់ប្រទេសអ៊ីរ៉ង់ បានជំរុញឲ្យប្រទេសអ៊ីរ៉ង់ បើកការវាយប្រហារសងសឹកយ៉ាងចាស់ដៃទៅវិញផងដែរ។ ជម្លោះដ៏អាក្រក់បំផុតមិនធ្លាប់មាន រវាងប្រទេសមហាអំណាចក្នុងតំបន់ទាំងពីរនេះ បានបង្កើនការភ័យខ្លាច និងការព្រួយបារម្ភថា នឹងអាចទាក់ទាញប្រទេសមហាអំណាចពិភពលោកផ្សេងទៀត ជាពិសេស សហរដ្ឋអាមេរិក ទៅក្នុងជម្លោះ។